(គូឡាឡាំពួ)៖ អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៉ី លោក មហាធៀរ មហាំម៉ាត់ (Mahathir Mohamad) នៅថ្ងៃអាទិត្យនេះ បានចាកចេញពីមន្ទីរពេទ្យវិញហើយ ក្រោយចូលសម្រាក ដើម្បីទទួលការព្យាបាលជំងឺកូវីដ១៩។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃអាទិត្យ ទី៤ ខែកញ្ញា ឆ្នាំ២០២២។
សេចក្តីថ្លែងការណ៍ពីការិយាល័យរបស់លោកផ្ទាល់ បានឱ្យដឹងថា លោក មហាធៀរ ដែលបានចូលមន្ទីរពេទ្យកាលពីថ្ងៃពុធសប្តាហ៍នេះ ក្រោយធ្វើតេស្តវិជ្ជមានកូវីដ១៩ នឹងបន្តធ្វើចត្តាឡីស័កនៅគេហដ្ឋាន រហូតដល់ថ្ងៃអង្គារសប្តាហ៍ក្រោយ។ លោក មហាធៀរ ទទួលការចាក់វ៉ាក់សាំងបង្ការកូវីដ១៩ បានយ៉ាងហោច៣ដូស ខណៈដូសចុងក្រោយដែលគេដឹង គឺកាលពីខែវិច្ឆិកា ឆ្នាំ២០២១។
អតីតមេដឹកនាំម៉ាឡេស៉ីវ័យ៩៧ឆ្នាំរូបនេះ ដែលបច្ចុប្បន្ននៅកាន់តំណែងជា សមាជិកសភាដ៏សកម្មម្នាក់នោះ គឺធ្លាប់មានប្រវត្តិបញ្ហាផ្នែកបេះដូង។ កន្លងមក លោកធ្លាប់បានជួបបញ្ហាស្ទះសរសៃឈាមបេះដូង ហើយបានទទួលការវះកាត់ផ្លូវសរសៃឈាមបេះដូង ថែមទៀតផង។
គួរបញ្ជាក់ថា ក្រោយកាន់តួនាទីជានាយករដ្ឋមន្រ្តីរយៈពេល២២ឆ្នាំ រហូតដល់ឆ្នាំ២០០៣ ម្តងរួចមកហើយ លោក មហាធៀរ បានត្រឡប់មកដឹកនាំប្រទេសម៉ាឡេស៉ីសាជាថ្មី ក្នុងវ័យ៩២ឆ្នាំ កាលពីឆ្នាំ២០១៨ មុនពេលរដ្ឋាភិបាលចម្រុះរបស់លោក ដួលរលំទៅវិញ ក្នុងរយៈពេលមិនដល់២ឆ្នាំ ដោយសារតែការបែកបាក់ផ្ទៃក្នុង៕