(អ៉ីស្លាម៉ាបាដ)៖ មកទល់ពេលនេះ ផ្ទៃដីប្រទេសប៉ាគីស្ថានប្រមាណជាង ៣០ភាគរយ កំពុងស្ថិតនៅក្រោមលិចលង់ ខណៈទឹកហាក់មិនទាន់ចាប់ផ្តើមស្រកចុះទៅវិញនៅឡើយ។ រីឯចំនួនអ្នកដែលបានបាត់បង់ជីវិត ក្នុងគ្រោះទឹកជំនន់ដ៏អាក្រក់នេះវិញ នៅតែបន្តកើនឡើងជាលំដាប់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន CGTN នៅថ្ងៃអាទិត្យ ទី៤ ខែកញ្ញា ឆ្នាំ២០២២។
អាជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្តរាយប៉ាគីស្ថាន កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ បានឱ្យដឹងថា ១ភាគ៣នៃផ្ទៃប្រទេស ស្ថិតក្រោមការជន់លិច ក្នុងនោះដីកសិកម្មគឺជិត ១លានហិកតា ស្របពេលមនុស្សកើនដល់យ៉ាងហោច ១,២៦៥នាក់ បានបាត់បង់ជីវិត ដែលរួមមានទាំងកុមារ ៤១៦នាក់ផងដែរ។ បើតាមទីភ្នាក់ងារយូនីសេហ្វ (UNICEF) របស់អង្គការសហប្រជាជាតិ កុមារនៅប៉ាគីស្ថាន កំពុងតែប្រឈមហានិភ័យជាពិសេស ក្នុងការស្លាប់ដោយសារជំងឺដូចជា អាសន្នរោគ គ្រុនឈាម គ្រុនចាញ់ និងរាគរូស ជាដើម។
គួរបញ្ជាក់ថា រដ្ឋមន្រ្តីរៀបចំផែនការប្រទេសប៉ាគីស្ថាន បានបន្តអំពាវនាវដល់សហគមន៍អន្តរជាតិ ឱ្យផ្តល់ការឆ្លើយតបជាជំនួយមនុស្សធម៌ សម្រាប់មនុស្សប្រហែល ៣៣លាននាក់ ដែលរងផលប៉ះពាល់ពីគ្រោះទឹកជំនន់។ ទន្ទឹមគ្នាដែរ មូលនិធិសប្បុរសធម៌ធំជាងរបស់ប៉ាគីស្ថាន កំពុងព្យាយាមស្នើឱ្យរដ្ឋាភិបាល លុបចោលបម្រាមដែលបានដាក់លើ អង្គការមិនមែនរដ្ឋាភិបាលមួយចំនួន ដើម្បីអនុញ្ញាតឱ្យពួកគេអាចជួយដល់ កិច្ចប្រឹងប្រែងសង្រ្គោះប្រជាជនដែលរងការប៉ះពាល់ទាំងអស់នោះ៕