(ប៊ែរឡាំង)៖ មហាអំណាចឧស្សាហកម្ម G7 បាននិយាយកាលពីថ្ងៃសុក្រថា ពួកគេនឹងផ្លាស់ប្តូរជាបន្ទាន់ ដើម្បីដាក់កម្រិតតម្លៃលើការនាំចូលប្រេងពីរុស្ស៊ី ក្នុងគោលបំណងរារាំងទីក្រុងម៉ូស្គូ ពីការប្រមូលប្រាក់ចំណេញដ៏ច្រើនពីការកើនឡើងតម្លៃថាមពល។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី០២ ខែកញ្ញា ឆ្នាំ២០២២។

រដ្ឋមន្ត្រីហិរញ្ញវត្ថុមកពីក្រុមប្រទេសជឿនលឿនទាំងប្រាំពីរ ដែលហៅកាត់ថា G7 បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ពួកគេនឹង ធ្វើការជាបន្ទាន់លើការបញ្ចប់ និងការអនុវត្តលើវិធានការនេះ ដោយមិនបានបញ្ជាក់អំពីដាក់កម្រិតនោះទេ។

រដ្ឋមន្ត្រីហិរញ្ញវត្ថុអាល្លឺម៉ង់ លោក Christian Lindner បាននិយាយនៅ ក្នុងសន្និសីទសារព័ត៌មានមួយថា «ប្រទេសរុស្ស៊ីកំពុងទទួលបានអត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ច ពីភាពមិនប្រាកដប្រជាលើទីផ្សារថាមពល ដែលបណ្តាលមកពីសង្រ្គាម ហើយកំពុងទទួលបានប្រាក់ចំណេញយ៉ាងច្រើនពីការនាំចេញប្រេង ហើយយើងចង់ប្រឆាំងដាច់ខាត»។

លោក Lindner បាននិយាយថា ប្រទេស G7 ចង់ «កំណត់ប្រាក់ចំណូលរបស់រុស្ស៊ី និងកាត់បន្ថយការខូចខាតសេដ្ឋកិច្ចសម្រាប់សង្គមរបស់យើង»។

លោកបានបន្ថែមទៀតថា គោលបំណងនៃការកំណត់តម្លៃលើការនាំចេញប្រេង គឺដើម្បី «បញ្ឈប់ប្រភពហិរញ្ញប្បទានដ៏សំខាន់មួយសម្រាប់សង្រ្គាម នៃការឈ្លានពាន និងទប់ស្កាត់ការកើនឡើងនៃតម្លៃថាមពលពិភពលោក»។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុបាននិយាយថា G7 បានស្វែងរកការបង្កើត «សម្ព័ន្ធទូលំទូលាយ» នៃការគាំទ្រសម្រាប់តម្លៃប្រេង ដើម្បីបង្កើនប្រសិទ្ធភាពនៃវិធានការនេះ៕