(វ៉ាស៊ីនតោន)៖ ទីភ្នាក់ងារអវកាសអាមេរិកអាមេរិក ណាសា (NASA) កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានប្រកាសឱ្យដឹងថា កែវយឺតអវកាស ជែម វែប (James Webb) របស់ខ្លួន បានចាប់ផ្តើមផ្តិតយករូបភាព នៃភពដែលស្ថិតនៅក្រៅប្រព័ន្ធព្រះអាទិត្យ (exoplanet) ជាលើកដំបូង។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន Sky News នៅថ្ងៃសុក្រ ទី២ ខែកញ្ញា ឆ្នាំ២០២២។
James Webb បានថតយកទិដ្ឋភាពចំនួន៤ផ្សេងទៀត នៃភពអេលៀន ដែលមានឈ្មោះសម្គាល់ថា HIP 65426 b។ វាជាភពប្រភេទឧស្ម័នយក្ស ដែលមានម៉ាសច្រើនជាង ម៉ាសរបស់ភពព្រហស្បតិ៍ (Jupiter) ដែលជាភពឧស្ម័នយក្សធំបំផុត ប្រចាំនៅប្រព័ន្ធសូឡារបស់យើង ក្នុងកម្រិតប្រហែលចន្លោះ៦-១២ដង។
ក្រុមតារាវិទូបានរកឃើញវត្តមានភព HIP 65426 b កាលពីឆ្នាំ២០១៧ តាមរយៈការប្រើប្រាស់ប្រព័ន្ធតេឡេស្កូបលើផ្ទៃផែនដីផ្ទាល់ ដែលស្ថិតនៅប្រទេសស៊ីលី។ NASA បានឱ្យដឹងថា រូបភាពថតដោយ James Webb បានបង្ហាញនូវព័ត៌មានលម្អិតថ្មីៗមួយចំនួន ដែលតេឡេស្កូបលើផែនដី មិនអាចមើលឃើញ ដោយសារតែស្រទាប់បរិយាកាសផែនដី។ វាគឺជាភពអេលៀនក្មេងខ្ចីមួយដែលមាន អាយុខ្ទង់១៥-២០លានឆ្នាំ ធៀបនឹងផែនដីយើងដែលមានអាយុ ៤.៥ពាន់លានឆ្នាំមកហើយ។
គួរបញ្ជាក់ថា កែវយឺតអវកាស James Webb ត្រូវបានបង្ហោះឡើងទៅកាន់ទីអវកាស កាលពីចុងឆ្នាំ២០២១។ វាត្រូវបានចាត់ទុកជា កែវយឺតអវកាសដែលខ្លាំងបំផុត គិតមកទល់ពេលបច្ចុប្បន្ន។ កែវយឺតអវកាសតម្លៃ ១០ពាន់លានដុល្លារមួយនេះ បានចាប់ផ្តើមធ្វើប្រតិបត្តិការរបស់វា ជាលើកដំបូង កាលពីខែកក្កដាកន្លងទៅ៕