(ញូដេលី)៖ នាយករដ្ឋមន្រ្តីឥណ្ឌានាថ្ងៃសុក្រនេះ បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវនាវាផ្ទុកយន្តហោះចម្បាំងដំបូងបំផុត ដែលត្រូវបានកសាងឡើង នៅក្នុងប្រទេសឥណ្ឌាសុទ្ធសាធ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២ ខែកញ្ញា ឆ្នាំ២០២២។
ក្រោយការសាងសង់និងធ្វើតេស្តផ្សេងៗ អស់រយៈពេលសរុប១៧ឆ្នាំ ទីបំផុតនាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី (Narendra Modi) បានសម្រេចដាក់ដំណើរការនាវា វីក្រាន់ (INS Vikrant) ដើម្បីក្លាយជា នាវាផ្ទុកយន្តហោះចម្បាំងគ្រឿងទី២ ដែលអាចធ្វើប្រតិបត្តិការបាន សម្រាប់កងទ័ពជើងទឹករបស់ឥណ្ឌា។ វាគឺជានាវាយោធាធំជាងគេបំផុត ដែលត្រូវបានផលិតឡើង នៅក្នុងប្រទេសអាស៊ីខាងត្បូងមួយនេះ។
នាឱកាសនោះ លោក ម៉ូឌី បានថ្លែងយ៉ាងដូច្នេះថា «ថ្ងៃនេះ ឥណ្ឌាបានចូលក្នុងចំណោមប្រទេសដទៃទៀត នៅលើពិភពលោក ដែលអាចផលិតនាវាផ្ទុកយន្តហោះចម្បាំងធំៗ ដោយប្រើប្រាស់បច្ចេកវិទ្យាក្នុងស្រុកផ្ទាល់។ វាគឺជានិម្មិតរូបបង្ហាញអំពីសក្តានុពល អំពីធនធាន ក៏ដូចជាអំពីជំនាញប៉ិនប្រសព្វនៅក្នុងស្រុក របស់ប្រទេសឥណ្ឌា»។
គួរបញ្ជាក់ថា ដោយរចនាឡើងដើម្បីអាចផ្ទុកមនុស្សប្រមាណ ១,៦០០នាក់ និងយន្តហោះសរុប៣០គ្រឿង នាវាដឹកយន្តហោះចម្បាំង Vikrant នឹងពឹងផ្អែកទៅលើយន្តហោះរុស្ស៉ីធុន MiG-29K ដែលកំពុងមានវត្តមានរួចស្រាប់ នៅលើនាវាដឹកយន្តហោះចម្បាំងគ្រឿងទី១ របស់ឥណ្ឌា គឺនាវា វីក្រាម៉ាឌីត្យា (Vikramaditya) ដែលឥណ្ឌាបានទិញយកមកពីប្រទេសរុស្ស៉ី។ ដោយឡែក ក្រុមហ៊ុនអាមេរិក ប៊ូអ៉ីង (Boeing) និងក្រុមហ៊ុនបារាំង ដាស្សាល់ (Dassault) ក៏កំពុងព្យាយាមផ្គត់ផ្គង់ឱ្យឥណ្ឌា នូវយន្តហោះប្រហែលជិត៣០គ្រឿង សម្រាប់បំពាក់លើនាវា Vikrant ផងដែរ៕