(ប៊ុយណូស៊ែ)៖ អនុប្រធានាធិបតីអាហ្សង់ទីន លោកស្រី គ្រីស្ទីណា ហ្វឺរណាន់ដែស ឌេ ឃើស្នើ (Cristina Fernandez de Kirchner) បានរួចផុតពីការប៉ុនប៉ងធ្វើឃាត នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ខណៈលោកស្រីកំពុងស្វាគមន៍អ្នកគាំទ្រនៅខាងក្រៅផ្ទះក្នុងទីក្រុង ប៊ុយណូស៊ែ (Buenos Aires)។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅថ្ងៃសុក្រ ទី២ ខែកញ្ញា ឆ្នាំ២០២២។
បើតាមលោកប្រធានាធិបតីអាហ្សង់ទីន អាល់បឺតូ ហ្វឺរណាន់ដែស (Alberto Fernandez) ខ្មាន់កាំភ្លើងម្នាក់បានយកកាំភ្លើងតម្រង់ចំមុខរបស់លោកស្រី ប៉ុន្តែជាសំណាង កាំភ្លើងនេះបែរជាបាញ់មិនចេញគ្រាប់ទៅវិញ។ លោកបន្ថែមថាកាំភ្លើងរបស់ខ្មាន់កាំភ្លើង មានគ្រាប់ចំនួន៥គ្រាប់ ហើយលោកផ្ទាល់បានថ្កោលទោសខ្មាន់កាំភ្លើង និងចាត់ទុកថាការប៉ុនប៉ងផ្ដាច់ជីវិតលោកស្រី ឃើស្នើ គឺជាឧបទ្ទវហេតុដ៏ធ្ងន់ធ្ងរ ចាប់តាំងពីអាហ្សង់ទីនក្លាយជាប្រទេសប្រជាធិបតេយ្យកាលពីឆ្នាំ១៩៨៣មក។
គួរបញ្ជាក់ថា បើតាមប៉ូលិសអាហ្សង់ទីន ជនសង្ស័យជាខ្មាន់កាំភ្លើងត្រូវបានចាប់ខ្លួនភា្លមៗ។ ប៉ុន្តែខណៈកំពុងបើកការស៊ើបអង្កេត ប៉ូលិសមិនបានបញ្ចេញអត្តសញ្ញាណ លម្អិតពាក់ព័ន្ធនឹងជនសង្ស័យរូបនេះទេ ដោយគ្រាន់តែឱ្យដឹងថាជាបុរសជនជាតិប្រេស៊ីលម្នាក់ មានអាយុ ៣៥ឆ្នាំ។ ហេតុការណ៍ប៉ុនប៉ងធ្វើឃាតខាងលើកើតមានឡើង នៅចំពេលលោកស្រី ឃើស្នើ កំពុងជាប់ក្ដីក្ដាំនៅឯតុលាការពាក់ព័ន្ធនឹងអំពើពុករលួយ ដែលលោកស្រីផ្ទាល់បានច្រានចោលរាល់ការចោទប្រកាន់៕