(សេអ៊ូល)៖ ក្រសួងការបរទេសកូរ៉េខាងជើង បានថ្កោលទោសលើអ្នកជំនាញសិទ្ធិមនុស្សថ្មីម្នាក់របស់អង្គការសហប្រជាជាតិ (UN) ថាជាមនុស្សលម្អៀង និងជាអាយ៉ង របស់សហរដ្ឋអាមេរិក ជាមួយការសង្កត់ធ្ងន់ថាទីក្រុងព្យុងយ៉ាង នឹងមិនអត់ឱនឱ្យជាដាច់ខាតចំពោះអ្វីដែលខ្លួនចាត់ទុកថាជាកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីផ្ដួលរំលំរបបដឹកនាំលោក គីម ជុងអ៊ុន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២ ខែកញ្ញា ឆ្នាំ២០២២។
លោកស្រី អេលីហ្សាប៊ែត សាល់ម៉ុន (Elizabeth Salmon) ជាអ្នកជំនាញសិទ្ធិមនុស្សថ្មីម្នាក់របស់ UN ទទួលបន្ទុករាយការណ៍ពីសិទ្ធិមនុស្សនៅកូរ៉េខាងជើង បានបំពេញទស្សនកិច្ចជាលើកដំបូងទៅកាន់កូរ៉េខាងត្បូង ក្រោយចូលកាន់តំណែងកាលពីខែសីហា។ នៅក្នុងសេចក្ដីថ្លែងការណ៍ចូលកាន់តំណែង លោកស្រី សាល់ម៉ុន បានលើកឡើងថាស្ថានភាពសិទ្ធិមនុស្សនៅកូរ៉េខាងជើង មានសភាពកាន់តែអាក្រក់ឡើង ក្នុងរយៈពេលជាង២ឆ្នាំមកនេះនៅក្រោមវិធានការបិទខ្ទប់ប្រឆាំងកូវីដ១៩។
តែយ៉ាងណាក៏ដោយ តាមរយៈការដកស្រង់សម្ដីចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង KCNA នៅថ្ងៃសុក្រនេះ អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើង ម្នាក់បានបញ្ជាក់ដូច្នេះថា «យើងធ្លាប់បានបញ្ជាក់ច្បាស់ៗជាច្រើនលើករួចមកហើយពីគោលជំហរជាគោលការណ៍របស់យើង នោះគឺយើងនឹងមិនទទួលស្គាល់ ហើយ ក៏មិនជជែកជាមួយអ្នករាយការណ៍ពិសេសណាមួយ ដែលជាអាយ៉ងរបស់សហរដ្ឋអាមេរិកនោះទេ»។
ទីក្រុងព្យុងយ៉ាង ជារឿយៗតែងតែថ្កោលទោស និងច្រានចោលរាល់សេចក្ដីរាយការណ៍រិះគន់ពីបញ្ហាសិទ្ធិមនុស្សនៅក្រោមរបបដឹកនាំលោក គីម ជុងអ៊ុន ហើយថា រាល់ការស៊ើបអង្កេតរបស់ UN គាំទ្រដោយសហរដ្ឋអាមេរិក មានចេតនាលូកលាន់កិច្ចការផ្ទៃក្នុងរបស់កូរ៉េខាងជើង និងដើម្បីផ្ដួលរំលំរបបដឹកនាំលោក គីម៕