(សេអ៊ូល)៖ ទីប្រឹក្សាសន្តិសុខជាតិកូរ៉េខាងត្បូង បាននិយាយថារូបលោក និងសមភាគីរបស់លោកមកពីសហរដ្ឋអាមេរិក និងជប៉ុន បានឯកភាពគ្នា ក្នុងការចាត់វិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ នៅក្នុងករណីដែលកូរ៉េខាងជើងធ្វើតេស្ដអាវុធនុយក្លេអ៊ែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២ ខែកញ្ញា ឆ្នាំ២០២២។

លោក គីម ស៊ុងហាន់ (Kim Sung-han) ធ្វើការកត់សម្គាល់ខាងលើ នៅក្នុងរដ្ឋហាវ៉ៃ ជាទីដែលលោកបានចូលរួមក្នុងកិច្ចប្រជុំត្រីភាគីជាមួយ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ជេក ស៊ូលីវ៉ាន់ (Jake Sullivan) និងទីប្រឹក្សាសន្តិសុខជាតិជប៉ុន លោក អាគីបា តាកេអុ (Akiba Takeo) នៅចំពោះសេចក្ដីរាយការណ៍ច្រើនថាកូរ៉េខាងជើងត្រៀមខ្លួនរួចរាល់ហើយ ក្នុងការធ្វើតេស្ដអាវុធនុយក្លេអ៊ែរជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៧មក។

ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ លោក គីម ស៊ុងហាន់ បានគូសបញ្ជាក់ដូច្នេះថា «ប្រសិនបើកូរ៉េខាងជើងធ្វើតេស្ដអាវុធ នុយក្លេអ៊ែរ ជាលើកទី៧របស់ខ្លួនពិតមែន នោះវិធានការឆ្លើយតបនឹងមានភាពខុសប្លែកគ្នាពីលើកមុនៗ។ យើងបានព្រមព្រៀងគ្នាថានឹងមិនមាន ឡើយ ការឆ្លើយតបទន់ភ្លន់ជាមួយកូរ៉េខាងជើង»

គួរបញ្ជាក់ថា កូរ៉េខាងជើង កាលពីពាក់កណ្ដាលខែសីហាកន្លងទៅនេះ បានបាញ់សាកល្បងមីស៊ីលគ្រូសចំនួន ២គ្រាប់ បន្ទាប់ពីសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងធ្វើសមយុទ្ធយោធារួមគ្នាទ្រង់ទ្រាយធំឡើងវិញ។ ក្រុមមន្ត្រីអាមេរិក និងកូរ៉េខាងត្បូង បានបង្ហាញការព្រួយបារម្ភជាបន្តបន្ទាប់ថា កូរ៉េខាងជើង អាចនឹងធ្វើតេស្ដអាវុធនុយក្លេអ៊ែរឡើងវិញជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៧មក នៅពេលអនាគតដ៏ខ្លីខាងមុខ៕

លោក Jake Sullivan

លោក Kim Sung-han

លោក Akiba Takeo