(មូស្គូ)៖ អគ្គនាយកក្រុមហ៊ុនប្រេងឯកជនដ៏ធំបំផុតរបស់រុស្សី បានស្លាប់បន្ទាប់ពីធ្លាក់ពីលើបង្អួច នៃមន្ទីរពេទ្យនៅទីក្រុងមូស្គូ ប៉ុន្មានខែបន្ទាប់ពីក្រុមហ៊ុនរបស់គាត់ បានរិះគន់ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន the Guardian នៅថ្ងៃព្រហស្បតិ៍ ទី០១ ខែកញ្ញា ឆ្នាំ២០២២។

ទីភ្នាក់ងារព័ត៌មាន Interfax បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះ ដោយដកស្រង់ប្រភពមួយថា លោក Ravil Maganov ដែលជាប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន Lukoil ដែលជាក្រុមហ៊ុនប្រេងឯកជនធំបំផុតរបស់រុស្ស៊ី «បានធ្លាក់ពីលើបង្អួចនៅមន្ទីរពេទ្យ Central។ គាត់បានស្លាប់ដោយសាររបួស»

ក្រុមហ៊ុនបាននិយាយថា លោក Maganov «បានស្លាប់ដោយសារជំងឺធ្ងន់ធ្ងរ» ប៉ុន្តែមិនបានបញ្ជាក់ថា ជំងឺអ្វីនោះទេ។

ភ្លាមៗ នេះគេ មិន ទាន់ ដឹង ច្បាស់ ថា តើ ការ ស្លាប់ របស់ គាត់ ជា ឧបទ្ទវហេតុ អត្តឃាត ឬ អាច ជាប់ ពាក់ព័ន្ធ នឹង បញ្ហាសតិអារម្មណ៍នោះទេ។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី ដែលដកស្រង់ប្រភពមិនបញ្ចេញឈ្មោះបានរាយការណ៍ថា លោក Maganov ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយជំងឺបេះដូង និងបានប្រើថ្នាំប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្ត៕