(មូស្គូ)៖ នៅថ្ងៃព្រហស្បតិ៍នេះ វិមានក្រឹមឡាំងបានឱ្យដឹងថា ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន នឹងមិនអាចទៅចូលរួមក្នុង ពិធីបុណ្យសពរបស់អតីតមេដឹកនាំសហភាពសូវៀតចុងក្រោយបំផុត គឺលោក មីកាអែល ហ្គ័របាឆេវ (Mikhail Gorbachev) នាចុងសប្តាហ៍នេះឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១ ខែកញ្ញា ឆ្នាំ២០២២។

ក្នុងកិច្ចសន្ទនាតាមទូរសព្ទជាមួយ ក្រុមអ្នកសារព័ត៌មាន អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) បាននិយាយថា មូលហេតុដែលលោកប្រធានាធិបតីរុស្ស៉ី មិនអាចទៅចូលរួមបាន គឺដោយសារតែកាលវិភាគរបស់លោក មានភាពចង្អៀតពេលពេក។ បើតាមការបកស្រាយរបស់លោក ប៉េស្កូវ គឺលោក ពូទីន បានឆ្លៀតទៅសម្តែងការគោរពចំពោះ លោក ហ្គ័របាឆេវ រួចហើយ នាព្រឹកថ្ងៃព្រហស្បតិ៍នេះ តាមរយៈការធ្វើដំណើរទៅកាន់ មន្ទីរពេទ្យគ្លីនិកមជ្ឈិមនៃទីក្រុងមូស្គូ ជាទីដែលលោក ហ្គ័របាឆេវ បានទទួលមរណភាព កាលពីថ្ងៃអង្គារសប្តាហ៍នេះ។

គួរបញ្ជាក់ថា លោក ហ្គ័របាឆេវ បានឡើងកាន់អំណាចជាមេដឹកនាំសហភាពសូវៀត នៅឆ្នាំ១៩៨៥។ លោកជាមេដឹកនាំសូវៀតចុងក្រោយបំផុត ដោយនៅឆ្នាំ១៩៩១ លោកបានចូលរួមចំណែកក្នុងការបញ្ចប់សង្រ្គាមត្រជាក់ តាមរយៈការរំលាយសហភាពសូវៀត និងអនុញ្ញាតឱ្យបណ្ដាប្រទេសអឺរ៉ុបខាងកើត ទទួលបានឯករាជ្យ។ ពិធីបុណ្យរបស់លោក នឹងត្រូវរៀបចំឡើងនៅថ្ងៃសៅរ៍សប្តាហ៍នេះ៕