(វ៉ាស៉ីនតោន)៖ អ្នកនាំពាក្យសេតវិមាន លោកស្រី ការីន ហ្សង់ព្យែរ (Karine Jean-Pierre) បាននិយាយកាលពីថ្ងៃពុធសប្តាហ៍នេះថា ក្រុមអ្នកដែលគាំទ្រពាក្យស្លោកនៃយុទ្ធនាការឃោសនា «Make America Great Again (ធ្វើឲ្យអាមេរិកអស្ចារ្យម្តងទៀត)» របស់លោក ដូណាល់ ត្រាំ ដែលជាអតីតប្រធានាធិបតីអាមេរិក គឺជាការគំរាមកំហែងចំពោះលទ្ធិប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិក។ នេះបើយោងតាមការចុះផ្សាយដោយ សារព័ត៌មានរុស្ស៉ី RT នៅថ្ងៃព្រហស្បតិ៍ ទី១ ខែកញ្ញា ឆ្នាំ២០២២។
លោកស្រី ហ្សង់ព្យែរ បានគូសបញ្ជាក់ថា បើតាមគំនិតរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ផ្ទាល់ គឺក្រុមអ្នកដែលគាំទ្រពាក្យស្លោកនេះ គឺជាផ្នែកដែលបង្ហាញពីភាពជ្រុលនិយមជាងគេ នៃគណបក្សសាធារណរដ្ឋ។ របៀបដែលពួកគេយល់ឃើញចំពោះគោលនយោបាយរបស់រដ្ឋាភិបាលបច្ចុប្បន្ន ជាការគំរាមកំហែងយ៉ាងខ្លាំង ចំពោះលទ្ធិប្រជាធិបតេយ្យ, សេរីភាព និងសិទ្ធិរបស់សហរដ្ឋអាមេរិក។
បើទោះបីជាលោកស្រី មិនបានរៀបរាប់លម្អិតអំពីការដោះស្រាយរបស់លោក បៃដិន ជុំវិញបញ្ហានេះក៏ដោយ លោកស្រីបានព្រមានថា អំពើហិង្សា ឬការគំរាមកំហែងណាមួយ មិនគួរកើតមានក្នុងសង្គមរបស់អាមេរិកដាច់ខាត ដោយមិនខ្វល់ថា អ្នកគាំទ្រគណបក្សមួយណានោះឡើយ។
គួរបញ្ជាក់ថា នេះមិនមែនជាលើកទីមួយទេ ដែលរដ្ឋបាលរបស់លោក បៃដិន រិះគន់ក្រុមអ្នកគាំទ្រលោក ត្រាំ។ ដោយឡែក លោក ចូ បៃដិន ត្រូវគេរាយការណ៍ថា នឹងនៅតែបន្តឈរឈ្មោះជាបេក្ខជនប្រធានាធិបតី បើទោះបីជាការស្ទង់មតិបង្ហាញការគាំទ្រធ្លាក់ចុះក្តី៕