(ភ្នំពេញ)៖ នារសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២នេះ ពិធីសម្ពោធការិយាល័យតំណាង សមាគមវិស្វកម្មវារីអគ្គិសនីចិនប្រចាំនៅកម្ពុជា បានប្រព្រឹត្តិទៅស្របគ្នាក្នុងពេលតែមួយ រវាងរាជធានីភ្នំពេញ និងទីក្រុងប៉េកាំងប្រទេសចិន តាមរយៈតំណភ្ជាប់វីដេអូ។

ការិយាល័យតំណាង ត្រូវបានគាំទ្រដោយក្រុមហ៊ុន Huadian Overseas Investment Co., Ltd. ហើយអ្នកទទួលខុសត្រូវចម្បង របស់ក្រុមហ៊ុន China Huadian Lower Stung Russei Chrum Hydro-Electric Project (Cambodia) Co., Ltd. គឺជាអ្នកតំណាងទទួលសិទ្ធិ ក្នុងការអនុវត្តប្រតិបត្តិការការងារ។

លោក Wu Guoquan ទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃស្ថានទូតចិនប្រចាំនៅកម្ពុជា លោក Zheng Sheng'an អនុប្រធានប្រតិបត្តិ និងជាអគ្គលេខាធិការ នៃសមាគមវិស្វកម្មវារីអគ្គីសនីចិន ព្រមទាំងអ្នកតំណាង សមាជិកសមាគមសហគ្រាសចិននៅកម្ពុជា ជិត ៤០ រូប ក៏បានចូលរួមក្នុងពិធីសម្ពោធនេះផងដែរ។

លោក Wu Guoquan បានសម្តែងការអបអរសាទរយ៉ាងកក់ក្តៅ ចំពោះការបង្កើតការិយាល័យតំណាង សមាគមវិស្វកម្មវារីអគ្គិសនីចិនប្រចាំនៅកម្ពុជា។ លោកបានមានប្រសាសន៍ថា ប្រទេសចិន និងកម្ពុជាគឺជាអ្នកជិតខាងល្អ ប្រកបដោយមិត្តភាពជាប្រពៃណី ហើយកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងភាគីទាំងពីរ ទទួលបានលទ្ធផលជាផ្លែផ្កាល្អ។ ក្រុមហ៊ុន Huadian Overseas Investment Co., Ltd. ក៏ដូចជាសហគ្រាសចិនជាច្រើនផងដែរ កំពុងចូលរួមយ៉ាងសកម្មក្នុងការសាងសង់ ហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់កម្ពុជា។ វារីអគ្គិសនី បានក្លាយជា «នាមបណ្ណ» ដ៏ស្រស់ស្អាតមួយសន្លឹក នៃកិច្ចសហប្រតិបត្តិការថាមពលរវាងប្រទេសកម្ពុជា និងចិន។

លោកសង្ឃឹមថា ការិយាល័យតំណាងនឹងពង្រឹងទំនាក់ទំនង ក៏ដូចជាកិច្ចសហប្រតិបត្តិការលើវិស័យថាមពល ជាមួយរាជដ្ឋាភិបាលកម្ពុជា បង្កើតវេទិកាសម្រាប់ចែករំលែកព័ត៌មាន និងការអភិវឌ្ឍកសាងគម្រោងថាមពលវារីអគ្គិសនី និងថាមពលកកើតឡើងវិញប្រកបដោយភាពជាគំរូ និងគុណភាពខ្ពស់បន្ថែមទៀត ដើម្បីរួមចំណែកថ្មី និងកាន់តែច្រើន ក្នុងចំណងមិត្តភាពដែកថែបកម្ពុជា-ចិន៕

អត្ថបទដោយ ៖ វិទ្យុមិត្តភាពកម្ពុជា-ចិន