(ប៉េកាំង)៖ «ពួកយើងជាអ្នកទទួលផលប្រយោជន៍ផ្ទាល់ពីពិព័រណ៍ពាណិជ្ជកម្មសេវាកម្មចិនអន្តរជាតិ»។ លោកស្រី Wanna lorluelert អគ្គនាយកនៃសួនឧស្សាហកម្ម Borthong 33 របស់ថៃបានថ្លែងដូចពោលខាងលើទៅកាន់ ប្រព័ន្ធសារព័ត៌មាននៅពេលថ្មីៗកន្លងទៅនេះ។ នេះគឺសួនឧស្សាហកម្ម Borthong 33 របស់ថៃចូលរួមការចរចាពាណិជ្ជកម្មអនឡាញ នៃពិព័រណ៍ពាណិជ្ជកម្មសេវាកម្មចិនអន្តរជាតិរយៈពេលបីឆ្នាំជាប់ៗគ្នា។ លោកស្រី Wanna lorluelert បានថ្លែងថា ពិព័រណ៍ពាណិជ្ជកម្មសេវាកម្មចិនអន្តរជាតិជួយពួកគេ ទាក់ទងជាមួយអតិថិជនចិនដោយចំគោលដៅ រកឃើញសហគ្រាសដែលបោះប្រចាំនៅសួនឧស្សាហកម្មកាន់តែច្រើន ហើយក៏បាននាំមកនូវបច្ចេកទេសជឿនលឿនរបស់ចិនដែរ។
នេះជាគំរូមួយនៃការដែលពិព័រណ៍ពាណិជ្ជកម្មសេវាកម្មចិនអន្តរជាតិ ជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិជាច្រើន ក្នុងរយៈពេល១០ឆ្នាំកន្លងទៅ។ ចាប់ពីបានរៀបចំធ្វើពិព័រណ៍លើកដំបូងកាលពីឆ្នាំ២០១២មក ពិព័រណ៍ពាណិជ្ជកម្មសេវាកម្មចិនអន្តរជាតិ បានប្រមែប្រមូលការវាយតម្លៃល្អពីសហគ្រាស ដែលមកពីទូទាំងពិភពលោក ហើយក្លាយជាពិព័រណ៍ដែលមានទ្រង់ទ្រាយធំបំផុត ក្នុងវិស័យពាណិជ្ជកម្មសេវាកម្មពិភពលោក នាពេលបច្ចុប្បន្ន ពោលគឺបានគ្របដណ្តប់មុខរបរសេវាកម្មនៃវិស័យចំនួន១២ធំៗ ដែលកំណត់ដោយអង្គការពាណិជ្ជកម្មពិភពលោក។
ដោយសារមានការវាយតម្លៃល្អយ៉ាងទូលំទូលាយ ពិព័រណ៍ពាណិជ្ជកម្មសេវាកម្មចិនអន្តរជាតិឆ្នាំ២០២២ ដែលសម្ពោធបើកកាលពីថ្ងៃទី៣១ខែសីហាបានទាក់ទាញ ក្រុមហ៊ុនឬសហគ្រាសចំនួនជាង៤០០ ក្នុងនោះ បូករួមទាំងក្រុមហ៊ុនលំដាប់កំពូលទាំង៥០០ លើពិភពលោកនិងសហគ្រាសឈានមុខអន្តរជាតិ ចូលរួមការតាំងពិព័រណ៍នៅកន្លែងផ្ទាល់ អត្រាអន្តរជាតូបនីយកម្មទាំងស្រុងបានឡើងដល់ ២០,៨ភាគរយ ដែលកើនឡើងជិត៣ភាគរយ បើប្រៀបធៀបនឹងពិព័រណ៍លើកមុន។
រយៈពេល១០ឆ្នាំនៃការវិវឌ្ឍរីកចម្រើន នៃពិព័រណ៍ពាណិជ្ជកម្មសេវាកម្មចិនអន្តរជាតិ ក៏ជារយៈពេល១០ឆ្នាំដែលពាណិជ្ជកម្មសេវាកម្មរបស់ចិន រីកចម្រើនយ៉ាងឆាប់រហ័សដែរ។ ពីឆ្នាំ២០១២ ដល់ឆ្នាំ២០២១ តម្លៃបន្ថែមនៃរបរសេវាកម្មចិនបានកើនឡើង១,៤៩ដង បរិមាណនាំចេញនាំចូលផ្នែកសេវាកម្មគិតជាមធ្យម ក្នុងមួយឆ្នាំៗបានកើនឡើង៦,១ភាគរយ ដែលខ្ពស់ជាងល្បឿនកំណើនជាសកល៣,១ភាគរយ ក៏ដូចជាពាណិជ្ជកម្មសេវាកម្មកាន់ លំដាប់ថ្នាក់ទីពីរលើពិភពលោក៨ឆ្នាំជាប់ៗគ្នា។
នៅឆមាសទីមួយឆ្នាំ២០២២នេះ ទំហំនាំចេញនាំចូលផ្នែកសេវាកម្មសរុបរបស់ចិន បានកើនឡើង២១,៦ភាគរយបើប្រៀបធៀបនឹង រយៈពេលដូចគ្នានាឆ្នាំមុន អតិរេកនៃសេវាកម្មទូរគមនាគមន៍ កុំព្យូទ័រនិងព័ត៌មានបានកើនឡើង១,២ដង បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ហើយកម្លាំងចលករកំណើនមានភាពខ្លាំងក្លា។ល។ នៅពីក្រោយការងើបឡើងវិញនៃ «សេវាកម្មរបស់ចិន» គឺការបង្កើនឡើងថែមមួយកម្រិតទៀត នៃឧត្តមភាពទីផ្សារទ្រង់ទ្រាយយក្ស។ សហគ្រាសបរទេសជាច្រើន បានចូលទៅកាន់ទីផ្សាររបស់ចិនតាមរយៈពិព័រណ៍ពាណិជ្ជកម្មសេវាកម្មចិនអន្តរជាតិ ។
ក្នុងរយៈពេល១០ឆ្នាំកន្លងទៅនេះ លើវេទិកាពិព័រណ៍ពាណិជ្ជកម្មសេវាកម្មចិនអន្តរជាតិនេះ មានសហគ្រាសជាច្រើនបានរកឃើញ ការវិនិយោគពីសហគ្រាសចិន ហើយក៏មានសហគ្រាសជាច្រើនបានចូលទៅកាន់ទីផ្សាររបស់ចិន និងចែករំលែកអត្ថប្រយោជន៍នៃការបើកទ្វារចំហ ចំពោះបរទេសរបស់ចិនដែរ។ នេះជាកម្លាំងទាក់ទាញនៃពិព័រណ៍ពាណិជ្ជកម្ម សេវាកម្មចិនអន្តរជាតិ ជាកម្លាំងទាក់ទាញនៃទីផ្សារដ៏ធំធេងរបស់ចិន ហើយក៏ជាសមិទ្ធផលផ្លែផ្កានៃការពង្រីក ការបើកចំហចំពោះបរទេសឥតឈប់ឈររបស់ចិនដែរ។
«ពួកយើងបានពិភាក្សាអំពីការអភិវឌ្ឍនៅពេលអនាគតហើយ ហើយការអភិវឌ្ឍនៅពេលអនាគតនឹងបន្តមានភាពល្អប្រសើរទៀត»។ លោក Michael Mayr នាយកផ្នែកលក់ប្រចាំតំបន់អាស៊ីនៃក្រុមហ៊ុន TECHNOALPIN របស់អ៊ីតាលី ដែលបានចូលរួមពិព័រណ៍នេះជាច្រើនលើក មានជំនឿចិត្តយ៉ាងខ្លាំងពេលនិយាយអំពី ការអភិវឌ្ឍនៅប្រទេសចិន ហើយនេះក៏ជាបំណងរួមរបស់សហគ្រាស ដែលចូលរួមពិព័រណ៍ពាណិជ្ជកម្មសេវាកម្មចិនអន្តរជាតិឆ្នាំ២០២២ ទាំងអស់ដែរ។ តាមការពិត អ្វីដែលប្រទេសចិនកំពុងខិតខំប្រឹងប្រែងបង្កើតនោះ វាមិនត្រឹមតែជាពិព័រណ៍មួយ និងវេទិកាមួយប៉ុណ្ណោះទេ ថែមទាំងក៏ជានិម្មាបនកម្មអភិវឌ្ឍន៍ថ្មីដែលបើកទូលាយជាដរាបផងដែរ៕
អត្ថបទ៖ ដោយវិទ្យុមិត្តភាពកម្ពុជាចិន