(គូឡាឡាំពួ)៖ លោកស្រី រ៉ូសម៉ា ម៉ានស័រ (Rosmah Mansor) ដែលជាភរិយាអតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក ណាជីប រ៉ាហ្សាក់ (Najib Razak) នាថ្ងៃព្រហស្បតិ៍នេះ ត្រូវបានតុលាការរកឃើញថា ពិតជាមានទោសប្រាកដមែន ពីបទប្រព្រឹត្តអំពើពុករលួយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី១ ខែកញ្ញា ឆ្នាំ២០២២។

តុលាការក្នុងទីក្រុងគូឡាឡាំពួបានសម្រេចផ្តន្ទាទោស លោកស្រី រ៉ូសម៉ា ឱ្យជាប់ពន្ធនាគាររយៈពេល១០ឆ្នាំ និងរងការពិន័យជាប្រាក់ចំនួន ៩៧០លានរីងហ្គីត (២១៦លានដុល្លារអាមេរិក)។ ភរិយាលោក ណាជីប រ៉ាហ្សាក់ ដែលបច្ចុប្បន្នមានអាយុ៧០ឆ្នាំ ត្រូវបានចោទប្រកាន់ ពីបទទាមទារថវិកាសូកប៉ាន់ចំនួន ១៨៧.៥លានរីងហ្គីត (ជិត៤២លានដុល្លារអាមេរិក) ពីពាណិជករម្នាក់ឈ្មោះ សៃឌី អាបាង សាមស៊ូឌីន (Saidi Abang Samsudin) កាលពីឆ្នាំ២០១៦ និង២០១៧។

ការសូកប៉ាន់ខាងលើ មានគោលដៅដើម្បីអនុញ្ញាតឱ្យក្រុមហ៊ុនលោក សៃឌី ឈ្មោះថា ចេប៉ាក់ ហូលឌីង (Jepak Holdings) អាចទទួលបានកិច្ចសន្យា នៃគម្រោងរដ្ឋាភិបាល ដែលមានតម្លៃ១.២៥ពាន់លានរីងហ្គីត (២៧៨.៨លានដុល្លារអាមេរិក) សម្រាប់ការផ្គត់ផ្គង់ចែកចាយថាមពលសូឡា ទៅកាន់សាលារៀនចំនួន៣៦៩កន្លែង នៅតាមទីជនបទក្នុងរដ្ឋសារ៉ាវ៉ាក់ (Sarawak)។

បន្ថែមពីនេះលោកស្រី រ៉ូសម៉ា ក៏ត្រូវបានចោទប្រកាន់ពី បទទទួលយកសំណូកសរុប ៦.៥លានរីងហ្គីត (១.៤៥លានដុល្លារអាមេរិក) ពីលោក សៃឌី ផងដែរ នៅឯការិយាល័យនាយករដ្ឋមន្រ្តី និងក្រោយមកទៀត នៅឯលំនៅឋានឯកជនរបស់លោកស្រី ស្ថិតក្នុងទីក្រុងគូឡាឡាំពួ កាលពីចន្លោះខែធ្នូ ឆ្នាំ២០១៦ និងខែកញ្ញា ឆ្នាំ២០១៧។

គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារសប្តាហ៍មុន ស្វាមីលោកស្រី គឺលោក ណាជីប ដែលមានអាយុ៦៩ឆ្នាំ ទើបតែចាប់ផ្តើមអនុវត្តទោសជាប់ពន្ធនាគាររយៈពេល ១២ឆ្នាំរបស់លោក បន្ទាប់ពីរូបលោកបានចាញ់ក្តីការប្តឹងឧទ្ធរណ៍ចុងក្រោយបំផុត ប្រឆាំងនឹងបទចោទប្រកាន់អំពើពុករលួយចំនួន ៧ករណី ក្នុងសំណុំរឿងមួយពាក់ព័ន្ធជាមួយ លុយមូលនិធិរបស់អតីតបុត្រសម្ព័ន្ធនៃក្រុមហ៊ុនរដ្ឋ 1MBD។ ទន្ទឹមគ្នានេះដែរ លោក ណាជីប នៅសល់សំណុំរឿងយ៉ាងហោច ៤ផ្សេងទៀត ដែលកំពុងរង់ចាំការជំនុំជម្រះ៕