(តៃប៉ិ)៖ ក្រសួងការពារជាតិតៃវ៉ាន់បានឱ្យដឹងថា នៅថ្ងៃព្រហស្បតិ៍នេះ កងកម្លាំងរបស់តៃវ៉ាន់ បានបាញ់ទម្លាក់យន្តហោះដ្រូនស៉ីវិល មិនស្គាល់អត្តសញ្ញាណ១គ្រឿង ដែលបានបំពានចូលមកក្នុងដែនអាកាសនៃស្រុកគីនម៉ិន (Kinmen) ដែលជាទីប្រជុំកោះស្ថិតនៅកៀកនឹង ឆ្នេរភាគខាងអាគ្នេយ៍នៃប្រទេសចិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១ ខែកញ្ញា ឆ្នាំ២០២២។

យោងតាមការបញ្ជាក់ពីសំណាក់ បញ្ជាការដ្ឋានរបស់យោធាតៃវ៉ាន់ប្រចាំស្រុកគីនម៉ិន គឺកាលពីវេលាម៉ោង១២.៣០នាទីរសៀល ថ្ងៃព្រហស្បតិ៍នេះ យន្តហោះដ្រូនស៊ីវិល១គ្រឿងដែលមិនស្គាល់អត្តសញ្ញាណ បានហោះទន្ទ្រានចូលមកក្នុងដែនអាកាស លើផ្ទៃទឹកហាមឃាត់របស់កូនកោះស៊ីយូ (Shiyu) ក្នុងក្រុងលីយូ (Lieyu) នៃស្រុកគីនម៉ិន ហើយកងកម្លាំងតៃវ៉ាន់ ក៏បានធ្វើការឆ្លើយតបតាមនីតិវិធីប្រតិបត្តិការស្តង់ដារបស់ខ្លួន។ បន្ទាប់ពីយន្តហោះដ្រូននោះ មិនអើពើចំពោះការព្រមាន កងទ័ពតៃវ៉ាន់ក៏បានប្រើគ្រាប់ពិតបាញ់ទៅលើវា ហើយបណ្តាលឱ្យធ្លាក់តែម្តង។

វាជាថ្ងៃទី៣ជាប់គ្នាហើយ ដែលតៃវ៉ាន់បានប្រើគ្រាប់ពិតបាញ់ព្រមានលើដ្រូន ដែលបំពានចូលមកក្បែរប្រជុំកោះគីនម៉ិន ខណៈដ្រូនស៉ីវិលទាំងនោះ ត្រូវគេសង្ស័យថាជារបស់ចិន បើទោះបីជាទីក្រុងប៉េកាំង ពុំចេញមុខទទួលស្គាល់ក៏ដោយ។ កាលពីថ្ងៃអង្គារសប្តាហ៍នេះ ទាហានតៃវ៉ាន់បានបាញ់ព្រមាន ទៅលើដ្រូន១គ្រឿង ដែលហោះក្រឡឹងក្បែរកោះអឺតាន (Erdan) មុនវាត្រឡប់ឆ្ពោះទៅកាន់ទីក្រុងសៀម៉ិន (Xiamen) របស់ចិនវិញ។ រីឯកាលពីថ្ងៃពុធ កងទ័ពតៃវ៉ាន់បានបាញ់ព្រមានដ្រូនស៉ីវិល ៣គ្រឿងទៀត ដែលទន្ទ្រានចូលដែនអាកាសកោះលីយូ (Lieyu), តាតាន (Dadan), និងកៅយូ (Caoyu) ហើយពួកវាទាំង៣គ្រឿង ក៏បានហោះចេញទៅវិញភ្លាមៗដូចគ្នា។

គួរបញ្ជាក់ថា ហេតុការណ៍ថ្ងៃព្រហស្បតិ៍នេះ គឺជាលើកដំបូងបំផុតដែលតៃវ៉ាន់ បានបាញ់ទម្លាក់ដ្រូនដែលសង្ស័យជារបស់ចិន ដោយជោគជ័យ។ បើតាមក្រសួងការពារជាតិតៃវ៉ាន់ យន្តហោះដ្រូនស៉ីវិលនោះ បានធ្លាក់ចូលទៅក្នុងសមុទ្រ៕