(ប៉េកាំង)៖ អតីតមន្រ្តីជាន់ខ្ពស់ចិនម្នាក់ ដែលទទួលបន្ទុកដឹកនាំការស៉ើបអង្កេតអំពើពុករលួយ នៅក្នុងក្រសួងសន្តិសុខជាតិចិន ត្រូវបណ្តេញចេញពីគណបក្សកម្មុយនិស្ត បន្ទាប់ពីត្រូវគេរកឃើញថា រូបលោកផ្ទាល់បានប្រព្រឹត្តអំពើពុករលួយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១ ខែកញ្ញា ឆ្នាំ២០២២។
ទីភ្នាក់ងារប្រឆាំងអំពើពុករលួយនៃប្រទេសចិន បានប្រកាសពីចំណាត់ការខាងលើរបស់ខ្លួន ចំពោះលោក លឺ យ៉ានពីង (Liu Yangping) អាយុ៦៧ឆ្នាំ នៅថ្ងៃព្រហស្បតិ៍នេះ។ ក្នុងនាមជាអតីតអនុរដ្ឋមន្រ្តីម្នាក់នៃក្រសួងសន្តិសុខសាធារណៈ លោក លឺ គឺជាមន្រ្តីជាន់ខ្ពស់ផ្នែកសន្តិសុខជាតិទី៤ហើយ ដែលត្រូវបានដកតំណែង គិតចាប់តាំងតែពីឆ្នាំ២០១៩មក។
ក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកពីគ្នា ទីភ្នាក់ងារប្រឆាំងអំពើពុករលួយចិន CCDI បានប្រកាសថា លោក វ៉ាង ពីន (Wang Bin) ដែលជាអតីតប្រធានក្រុមប្រឹក្សាភិបាល និងជាអតីតលេខាបក្សរបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត China Life Insurance Co ក៏ត្រូវបានបណ្តេញចេញពីបក្សកុម្មុយនិស្តផងដែរ ដោយសារតែការស៊ីសំណូក និងពុករលួយ។
គួរបញ្ជាក់ថា ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានប្រកាសយកកិច្ចប្រឹងប្រែងលុបបំបាត់អំពើពុករលួយ នៅក្នុងជួររដ្ឋាភិបាល ធ្វើជាអាទិភាពដ៏ចម្បងបំផុតមួយ នៅក្នុងអាណត្តិកាន់អំណាចរបស់លោក៕