(ប្រាក)៖ រដ្ឋមន្រ្តីការបរទេសអេស្តូនី លោក អួរម៉ាស រ៉េនសាលូ (Urmas Reinsalu) បាននិយាយនៅថ្ងៃពុធសប្តាហ៍នេះថា អេស្តូនីមានបំណងហាមឃាត់មិនឲ្យ ពលរដ្ឋរុស្ស៉ីភាគច្រើនចូលក្នុងប្រទេសរបស់ខ្លួនឡើយ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ ប្រសិនបើអាចធ្វើទៅបានជាមួយប្រទេសជិតខាងផ្សេងទៀត។ នេះបើ យោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១ ខែកញ្ញា ឆ្នាំ២០២២។
បន្ទាប់ពីកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសសហភាពអឺរ៉ុប រយៈពេល ២ថ្ងៃ លោក រ៉េនសាលូ បានប្រាប់ Reuters នៅឯទីក្រុងប្រាកយ៉ាងដូច្នេះថា «វាត្រូវចំណាយពេលខ្លះ ប៉ុន្តែខ្ញុំគិតថាពេលវេលានេះក៏សំខាន់ផងដែរ បើយើងសម្លឹងមើលលើចំនួនដ៏ច្រើននៃពលរដ្ឋរុស្ស៉ី ដែលកំពុងចូលមកក្នុងតំបន់របស់យើង»។ បើតាមលោក រ៉េនសាលូ ក្នុងរយៈពេល ៦ខែចុងក្រោយនេះ មានពលរដ្ឋរុស្ស៉ីចំនួន ៣០០,០០០នាក់ បានទៅដល់ប្រទេសអេស្តូនី ដែលនាំឲ្យរដ្ឋាភិបាលពិចារណាកាត់បន្ថយ លំហូរដ៏ច្រើននេះ។
បើទោះបីជាកិច្ចប្រជុំខាងលើ មិនបានសម្រេចហាមឃាត់ទិដ្ឋាការលើពលរដ្ឋរុស្ស៉ីក៏ដោយ ប៉ុន្តែអ៊ុយក្រែន និងរដ្ឋជាសមាជិកផ្សេងទៀតនៅតែបន្តអំពាវនាវឲ្យ ធ្វើដូចនេះ។ ជាក់ស្តែង លោក រ៉េនសាលូ បាននិយាយថា សម្រាប់អេស្តូនី នឹងដោះស្រាយបញ្ហាក្នុងតំបន់របស់ខ្លួន តាមរយៈកិច្ចសហប្រតិបត្តិការ និងផ្អែកលើ មូលដ្ឋានសន្តិសុខជាតិរបស់ខ្លួន។ អេស្តូនី មានបំណងហាមឃាត់ទិដ្ឋាការសម្រាប់ពលរដ្ឋរុស្ស៉ី ក្រោមហេតុផលសន្តិសុខ មិនថាពួកគេមានទិដ្ឋាការទេសចរណ៍ ដែលចេញដោយអាជ្ញាធរអេស្តូនី ឬប្រទេសដ៏ទៃឡើយ ពោលគឺសំដៅទៅដល់ជនជាតិរុស្ស៉ីដែលចូលមកក្នុងប្រទេស តាមច្រកព្រំដែនសហភាពអឺរ៉ុប។
គួរបញ្ជាក់ថា សហភាពអឺរ៉ុប កំពុងមានការខ្វែងគំនិតគ្នា ក្នុងការដាក់បម្រាមទិដ្ឋាការលើជនជាតិរុស្ស៉ី ហើយថែមទាំងបានបន្សល់ទុកនូវភាពមិនច្បាស់លាស់នូវ ចំណាត់ការជាឯកតោភាគី របស់ប្រទេសអេស្តូនី ឡេតូនី លីទុយអានី ប៉ូឡូញ និងហ្វាំងឡង់ ដែលមានព្រំប្រទល់ជាប់នឹងរុស្ស៊ីថាអាចអនុវត្តដើម្បីរឹតបន្តឹង ការចូលទស្សនារបស់ភ្ញៀវទេសចររុស្ស៊ី៕