(កៀវ)៖ មនុស្សជំនិតម្នាក់របស់ប្រធានាធិបតីអ៊ុយក្រែន បាននិយាយនៅថ្ងៃពុធសប្តាហ៍នេះថា គេមិនគួររំពឹងថាអ៊ុយក្រែននឹងដណ្តើមបានជ័យជម្នះយ៉ាងឆាប់ រហ័សលើកងទ័ពរុស្ស៊ី ក្នុងប្រតិបត្តិការវាយបកដែលកំពុងធ្វើឡើងឡើយ ដ្បិតទីក្រុងកៀវ មិនចង់ពលីជីវិតកងទ័ពច្រើនហួសហេតុពេកនោះទេ។ នេះបើយោង តាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១ ខែកញ្ញា ឆ្នាំ២០២២។
នៅក្នុងបទសម្ភាសន៍មួយដែលបានផ្សព្វផ្សាយតាម Youtube លោក អូឡិចស៉ី អារ៉េសស្តូវ៉ិច (Oleksiy Arestovych) ទីប្រឹក្សារបស់ប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី បានគូសបញ្ជាក់ដូច្នេះថា «ការឆ្លើយតបរបស់យើងចំពោះរុស្ស៉ី ដំណើរការទៅយឺតៗ ពីព្រោះយើងឲ្យតម្លៃលើអាយុជីវិតមនុស្ស និងចង់ឱ្យប្រជាជន អ៊ុយក្រែនត្រលប់មកផ្ទះវិញ ឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ វានឹងមិនមានជោគជ័យលឿនទេ ... ជោគជ័យរហ័សតែងតែមានការបង្ហូរឈាមច្រើន»។
គួរបញ្ជាក់ថា បើតាមមន្ត្រីក្នុងតំបន់, កងកម្លាំងអ៊ុយក្រែនទទួលបានជោគជ័យ នៅក្នុងទីតាំងចំនួន ៣ នៃតំបន់ខឺសុន (Kherson) ដែលកាន់កាប់ដោយរុស្ស៊ី បន្ទាប់ពីក្រុងកៀវ បានប្រកាសពីការចាប់ផ្តើមជំរុញការវាយលុកលើតំបន់ភាគខាងត្បូង ដើម្បីដណ្តើមយកទឹកដីវិញ កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ៕