(តេហេរ៉ង់)៖ អ៉ីរ៉ង់បានប្រគល់ «គំនិតផ្ដួចផ្ដើមសន្តិភាពមួយ» ដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ដែលស្នើឡើងដោយមេដឹកនាំអឺរ៉ុបម្នាក់ ទៅឱ្យរុស្ស៉ីហើយ នៅថ្ងៃពុធសប្ដាហ៍នេះ។ នេះបើតាមការដកស្រង់ចេញផ្សាយពីទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១ ខែកញ្ញា ឆ្នាំ២០២២។
ឈរនៅក្បែររដ្ឋមន្ត្រីការបរទេសរុស្ស៉ី លោក សឺហ្គៃ ឡាវរ៉ូវ កំឡុងសន្និសីទសារព័ត៌មានក្នុងទីក្រុងមូស្គូ រដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ លោក ហូសេន អាមៀអាប់ឌុលឡាហៀន (Hossein Amirabdollahian) បានទទួលស្គាល់ពីការប្រគល់សំណើស្ដីពីគំនិតផ្ដួចផ្ដើមសន្តិភាពខាងលើរបស់អឺរ៉ុប ដែលលោកផ្ទាល់ បានអះអាងថាត្រូវបានប្រគល់ជូនប្រធានាធិបតីអ៉ីរ៉ង់ លោក អ៉ីប្រាហ៊ីម រ៉ៃស៊ី កាលពីពេលថ្មីៗនេះ។ លោក អាមៀអាប់ឌុលឡាហៀន បានគូសបញ្ជាក់ដូច្នេះថា «មានគំនិតជាច្រើនដែលអាចជួយស្វែងរកសន្តិភាព និងបញ្ឈប់ការវាយប្រយុទ្ធគ្នានៅអ៊ុយក្រែន ហើយខ្ញុំបានចែករំលែកគំនិតទាំងនេះជាមួយលោក ឡាវរ៉ូវ»។
ក៏ប៉ុន្តែ ព្រមពេលជាមួយគ្នា រដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់រូបនេះមិនបានបញ្ជាក់ថាតើមេដឹកនាំអឺរ៉ុបណាមួយដែលជាអ្នកនៅពីក្រោយគំនិតផ្ដួចផ្ដើមសន្តិភាពបញ្ចប់ សង្រ្គាមនៅអ៊ុយក្រែននោះទេ ហើយក៏មិនបានបញ្ជាក់លម្អិតពីខ្លឹមសារនោះដែរ ដោយគ្រាន់តែឱ្យដឹងថាត្រួសៗថាសំណើទាំងនោះ មានជាប់ពាក់ព័ន្ធនឹង រោងចក្រនុយក្លេអ៊ែរហ្សាប៉ូរីសហ្ស៉ីយ៉ា និងអ្នកទោសសង្រ្គាម៕