(កៀវ)៖ ក្រុមមន្ត្រីអធិការកិច្ចរបស់អង្គការសហប្រជាជាតិ (UN) នៅថ្ងៃព្រហស្បតិ៍នេះ ត្រូវបានគេរំពឹងថានឹងធ្វើទស្សនកិច្ចនៅឯរោងចក្រថាមពលនុយក្លេអ៊ែរ ហ្សាប៉ូរីសហ្ស៉ីយ៉ា (Zaporizhzhia) ដែលកំពុងស្ថិតនៅក្រោមការគ្រប់គ្រងដោយទាហានរុស្ស៊ី ខណៈការបាញ់ផ្លោងនៅក្បែររោងចក្រនេះបានបង្កឱ្យមាន ការភ័យខ្លាចជាសកលអំពីគ្រោះមហន្តរាយនុយក្លេអ៊ែរ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១ ខែកញ្ញា ឆ្នាំ២០២២។
ក្រុមមន្ត្រីជំនាញមកពីទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) បានធ្វើដំណើរទៅដល់ទីក្រុង ហ្សាប៉ូរីសហ្ស៉ីយ៉ា នៃភាគខាងត្បូងប្រទេសអ៊ុយក្រែន និងកំពុង ស្ថិតនៅចម្ងាយ ៥៥គីឡូម៉ែត្រ ពីរោងចក្រហ្សាប៉ូរីសហ្ស៉ីយ៉ា (Zaporizhzhia) នៅថ្ងៃពុធសប្តាហ៍នេះ។ ក្រុមមន្ត្រីដែលតែងតាំងដោយរុស្ស៉ី បាននិយាយថាក្រុមអ្នកជំនាញ UN មានពេលតែមួយថ្ងៃប៉ុណ្ណោះ ដើម្បីត្រួតពិនិត្យទីតាំងនោះ ប៉ុន្តែការដំណើរការរបស់ IAEA អាចនឹងប្រើពេលយូរជាងនេះ។
ប្រមុខទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ លោក រ៉ាហ្វាអេល ហ្រ្គូសស៉ី (Rafael Grossi) បានប្រាប់អ្នកយកព័ត៌មាននៅឯទីក្រុងហ្សាប៉ូរីសហ្ស៉ីយ៉ា យ៉ាងដូច្នេះថា «ប្រសិនបើយើងអាចបង្កើតវត្តមានអចិន្ត្រៃយ៍ ឬបន្តមានវត្តមាននៅទីនោះបន្តទៀត នោះវានឹងអាចអូសបន្លាយពេលថែមទៀត ប៉ុន្តែជាជំហានដំបូងនេះ នឹងចំណាយពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ»។ លោក ហ្រ្គូសស៉ី បានបន្ថែមថា «បេសកកម្មរបស់យើងនាពេលនេះគឺដើម្បីស្វែងរកការទប់ស្កាត់ មហន្តរាយនុយក្លេអ៊ែរ»។
គួរបញ្ជាក់ថា ខណៈអ៊ុយក្រែនយល់ឃើញថា ការងារអធិការកិច្ចនេះជាជំហានឆ្ពោះទៅរកការរំសាយការកាន់កាប់របស់រុស្ស៉ី និងបង្កើតតំបន់គ្មានយោធា នៅទីតាំង រោងចក្រនុយក្លេអ៊ែរខាងលើ រុស្ស៊ីបានអះអាងថា ខ្លួនមិនមានចេតនាដកកងកម្លាំងរបស់ខ្លួនទេ សម្រាប់ពេលនេះ ហើយកំពុងបង្កើនយុទ្ធសាស្រ្តសម្រាប់ ការកាន់កាប់បន្ថែមទៀត៕