(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រាប់នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក យែរ ឡាភីដ (Yair Lapid) នៅថ្ងៃពុធសប្ដាហ៍នេះថា សហរដ្ឋអាមេរិកនឹងមិនបណ្ដោយឱ្យអ៉ីរ៉ង់ផលិតបាន ឬកាន់កាប់អាវុធនុយក្លេអ៊ែរជាដាច់ខាត ក្នុងបរិបទដែលការស្ដារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់ កំពុងស្ថិតក្នុងភាពស្រពិចស្រពិលនៅឡើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១ ខែកញ្ញា ឆ្នាំ២០២២។
អ៉ីស្រាអែល បានបង្ហាញការជំទាស់ទៅនឹងកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់ តាំងតែពីត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១៥មកម្ល៉េះ។ កិច្ចព្រមព្រៀងនេះបានរឹតត្បិត លើកម្មវិធីអាវុធនុយក្លេអ៊ែររបស់អ៉ីរ៉ង់ ជាថ្នូរនឹងការដកទណ្ឌកម្មសេដ្ឋកិច្ចពីសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងអង្គការសហប្រជាជាតិពីទីក្រុង តេហេរ៉ង់។ អ៉ីស្រាអែល និងបណ្ដាប្រទេសអារ៉ាប់ ដូចជាអារ៉ាប៊ីសាអូឌីត យល់ថានេះជាជំហរទន់ភ្លន់ពេកចំពោះអ៉ីរ៉ង់ ដែលពួកគេចោទថានៅតែបន្តអភិវឌ្ឍកម្មវិធី អាវុធនុយក្លេអ៊ែរ ហើយជាការគាំទ្រអ៉ីស្រាអែល អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់ កាលពីឆ្នាំ២០១៨ ដោយដាក់ទណ្ឌកម្មឡើងវិញលើអ៉ីរ៉ង់។
ប៉ុន្តែ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានសន្យានាំសហរដ្ឋអាមេរិកចូលរួមក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់វិញ ព្រោះលោកជឿថាវាជាមធ្យោបាយមួយ ក្នុងការទប់ស្កាត់កុំឱ្យអ៉ីរ៉ង់ផលិតអាវុធនុយក្លេអ៊ែរ។ យ៉ាងណាក៏ដោយ បើតាមសេតវិមាន នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក យែរ ឡាភីដ លោក បៃដិន បានសន្យាជាថ្មីថាសហរដ្ឋអាមេរិកនឹងមិនបណ្ដោយឱ្យអ៉ីរ៉ង់កាន់កាប់អាវុធនុយក្លេអ៊ែរជាដាច់ខាត។ «លោកប្រធានាធិបតី បៃដិន បានបង្ហាញពីការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ដែលនឹងមិនបណ្ដោយឱ្យអ៉ីរ៉ង់ផលិតបាន ឬកាន់កាប់អាវុធនុយក្លេអ៊ែរជាដាច់ខាត»។ នេះជាការបញ្ជាក់យ៉ាងខ្លី របស់សេតវិមាន ជាមួយការបន្ថែមថាលោក បៃដិន និងលោក ឡាភីដ ក៏បានពិភាក្សាពីការគំរាមកំហែងនានាបង្កឡើងដោយអ៉ីរ៉ង់ផងដែរ។
គួរបញ្ជាក់ថា លោក ចូ បៃដិន និងលោក យែរ ឡាភីដ កាលពីខែកក្កដាកន្លងទៅ បានចុះហត្ថលេខាលើកិច្ចសន្យារួមមួយ ដែលនឹងរារាំងមិនឱ្យអ៉ីរ៉ង់កាន់កាប់អាវុធ នុយក្លេអ៊ែរជាដាច់ខាត ដើម្បីបង្ហាញពីសាមគ្គីភាពរវាងប្រទេសទាំង២ ក្រោយមានការខ្វែងគំនិតគ្នាយ៉ាងខ្លាំងលើវិធានការការទូតដោះស្រាយជាមួយទីក្រុង តេហេរ៉ង់៕