(បែរឡាំង)៖ អគ្គមេបញ្ជាការកងទ័ពអាល្លឺម៉ង់ លោក អេបែរហាដ ហ្សន (Eberhard Zorn) បាននិយាយថាអាល្លឺម៉ង់នឹងបង្កើនវត្តមានយោធា របស់ខ្លួននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក តាមរយៈការបញ្ជូននាវាចម្បាំងកាន់តែច្រើន និងចូលរួមក្នុងការធ្វើសមយុទ្ធយោធាជាមួយសម្ព័ន្ធមិត្ត ខណៈកំពុងតាមឃ្លាំមើលសកម្មភាពយោធាចិន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១ ខែកញ្ញា ឆ្នាំ២០២២។

អាល្លឺម៉ង់ បាន និងកំពុងចូលរួមជាមួយបណ្ដាប្រទេសលោកខាងលិច ដឹកនាំដោយសហរដ្ឋអាមេរិក បង្ហាញសាច់ដុំយោធានៅក្នុងតំបន់ នៅចំពោះមុខ ការកើនឡើងឥទ្ធិពលយោធាចិន។ កាលពីឆ្នាំ២០២១ ទីក្រុងបែរឡាំង បានបញ្ជូននាវាចម្បាំងជាលើកដំបូងក្នុងរយៈពេលជាង២០ឆ្នាំ ចុងក្រោយនេះ ទៅកាន់តំបន់ដែនទឹកជម្លោះនៃសមុទ្រចិនខាងត្បូង និងកាលពីខែសីហាថ្មីៗនេះបានបញ្ជូននាវាចម្បាំង ១៣គ្រឿងឱ្យទៅចូលរួមធ្វើសមយុទ្ធយោធា ក្នុងប្រទេសអូស្ត្រាលី។

ថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធសប្ដាហ៍នេះ លោក អេបែរហាដ ហ្សន បានឱ្យដឹងថាយោធាអាល្លឺម៉ង់មានផែនការបញ្ជូនកងទ័ព កាន់តែច្រើន ចូលរួមក្នុងការធ្វើសមយុទ្ធយោធាបណ្ដុះបណ្ដាលនៅអូស្ត្រាលី នៅឆ្នាំ២០២៣។ ចំណែកឯ កងទ័ពជើងទឹកនឹងបញ្ជូនកងនាវាចម្បាំង មួយក្រុម ទៅកាន់តំបន់ឥណ្ឌូប៉ាស៊ីហ្វិក នៅឆ្នាំ២០២៤។ បើតាមលោក ហ្សន នេះគឺជាបង្ហាញយ៉ាងច្បាស់ពីចេតនារបស់អាល្លឺម៉ង់ក្នុងការបង្កើនវត្តមាន យោធានៅក្នុងតំបន់នេះ។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០២០ រដ្ឋាភិបាលអាល្លឺម៉ង់ បានចេញផ្សាយនូវយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិករបស់ខ្លួន ជាមួយការផ្ដោតជាសំខាន់លើការពង្រឹង សម្ព័ន្ធភាពជាមួយបណ្ដាប្រទេសប្រជាធិបតេយ្យក្នុងតំបន់ ហើយអធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ ស៊ូលស៍ កាលពីខែកុម្ភៈកន្លងទៅនេះក៏បានសន្យា ដែរថា អាល្លឺម៉ង់នឹងបង្កើនកញ្ចប់ថវិកាយោធា បន្ទាប់ពីរុស្ស៉ីចូលឈ្លានពានអ៊ុយក្រែន៕