(ប៉េកាំង)៖ នៅថ្ងៃពុធនេះ ទីក្រុងប៉េកាំងបាននិយាយថា លក្ខខណ្ឌសម្រាប់ឱ្យកិច្ចសន្ទនាស្តីពី ការប្រែប្រួលអាកាសធាតុជាមួយសហរដ្ឋអាមេរិក អាចបន្តដូចដើមឡើងវិញបាន គឺទីក្រុងវ៉ាស៊ីនតោនចាំបាច់ត្រូវតែលុបបំបាត់ចោល នូវឥទ្ធិពលអវិជ្ជមាន ដែលបន្សល់ទុកដោយ ដំណើរទស្សនកិច្ចរបស់ ប្រធានសភាតំណាងរាស្រ្តអាមេរិក គឺលោកស្រី ណាន់ស៊ី ផេឡូស៊ី (Nancy Pelosi) នៅតៃវ៉ាន់ ជាមុនសិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៣១ ខែសីហា ឆ្នាំ២០២២។
បេសកជនពិសេសរបស់អាមេរិក ទទួលបន្ទុកបញ្ហាប្រែប្រួលអាកាសធាតុ លោក ចន ឃើរី (John Kerry) បានទទូចឱ្យដល់លោក ស៊ី ជិនពីង ប្រធានាធិបតីចិន ឱ្យបន្តកិច្ចពិភាក្សាគ្នាឡើងវិញ បន្ទាប់ពីលោកបានអះអាងថា ការផ្អាកកិច្ចសន្ទនាស្តីពីបញ្ហាអាកាសធាតុ គឺជាការដាក់ពិន័យលើ ពិភពលោកទាំងមូល។ លោក ឃើរី បានបន្ថែមថា រូបលោកក៏សង្ឃឹមផងដែរថា ប្រទេសទាំងពីរនឹងអាចត្រូវគ្នាវិញ នៅមុនកិច្ចប្រជុំកំពូលអាកាសធាតុ COP27 របស់អង្គការសហប្រជាជាតិ ដែលនឹងរៀបចំឡើងនៅប្រទេសអេហ្ស៉ីប ក្នុងខែវិច្ឆិកាខាងមុខ។
ឆ្លើយតបចំពោះការអំពាវនាវរបស់លោក ចន ឃើរី ក្រសួងការបរទេសចិន ក៏បានចេញសេចក្តីថ្លែងការណ៍លើកឡើងថា ការដំណើរការឡើងវិញនូវកិច្ចសន្ទនាបញ្ហាអាកាសធាតុ ជាមួយសហរដ្ឋអាមេរិក គឺអាស្រ័យទៅលើសកម្មភាពដែលទីក្រុងវ៉ាស៊ីនតោន សម្រេចធ្វើឡើង ដើម្បីដោះស្រាយឥទ្ធិពលអវិជ្ជមាន នៃការធ្វើទស្សនកិច្ចរបស់លោកស្រី ផេឡូស៊ី នៅតៃវ៉ាន់។ នាឱកាសនោះ ទីក្រុងប៉េកាំង ក៏បានសង្កត់ធ្ងន់ដែរថា ចិននឹងនៅតែបន្តចូលរួមយ៉ាងសកម្ម ក្នុងវេទិកាអន្តរជាតិស្តីពីបញ្ហាប្រែប្រួលអាកាសធាតុ។
គួរបញ្ជាក់ថា ជាផ្នែកនៃចំណាត់ការឆ្លើយតប ចំពោះដំណើរទស្សនកិច្ចកាលពីថ្ងៃទី២-៣ ខែសីហា របស់លោកស្រី នៅតៃវ៉ាន់ ចិនបានប្រកាសនៅថ្ងៃទី៥ ខែសីហា អំពីការផ្អាកជាបណ្តោះអាសន្ននូវ កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយសហរដ្ឋអាមេរិក នៅក្នុងផ្នែកជាច្រើន ក្នុងនោះរួមទាំងកិច្ចពិភាក្សាស្តីពីបញ្ហាអាកាសធាតុ និងកិច្ចសន្ទនាកម្រិតខ្ពស់រវាងមេបញ្ជាយោធារបស់ ប្រទេសទាំងពីរ៕