Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ជប៉ុនប្រកាសពីផែនការអភិវឌ្ឍ មីស៉ីលដែលអាចបាញ់បាន ចម្ងាយឆ្ងាយៗជាងមុន ដើម្បីទប់ទល់ចិន រុស្ស៉ី និងកូរ៉េខាងជើង (Video inside)

31-08-2022 14:13

(តូក្យូ)៖ នៅថ្ងៃពុធនេះ ទីក្រុងតូក្យូបានប្រកាសថា ជប៉ុនគ្រោងអភិវឌ្ឍនិងផលិតមីស៉ីលមីស៉ីលគ្រូស និងមីស៉ីលផ្លោងបាលីស្ទីគថ្មីៗ ដែលមានសមត្ថភាពវាយប្រហារលើគោលដៅ ស្ថិតនៅចម្ងាយឆ្ងាយៗ ខណៈវាគឺជាផ្នែកនៃកិច្ចប្រឹងប្រែងពង្រីកឧត្តមភាពយោធា របស់ប្រទេសជប៉ុន ក្រោមគោលដៅសម្រាប់ឆ្លើយតប ការគំរាមកំហែងពីសំណាក់ចិន, រុស្ស៉ី, និងកូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៣១ ខែសីហា ឆ្នាំ២០២២។

ផែនការខាងលើដែលត្រូវបានបង្ហាញចេញ នៅក្នុងសំណើកញ្ចប់ថវិកាប្រចាំឆ្នាំរបស់ក្រសួងការពារជាតិជប៉ុន។ ក្រសួងការពារជាតិជប៉ុន បានលើកឡើងក្នុងសំណើកញ្ចប់ថវិការបស់ខ្លួនថា «ចិនកំពុងបន្តគំរាមប្រើប្រាស់កម្លាំងយោធា ដើម្បីផ្លាស់ប្តូរស្ថានភាពដើមនៅក្នុងតំបន់ ហើយកំពុងតែពង្រឹងសម្ព័ន្ធភាពកាន់តែស៊ីជម្រៅ ជាមួយរុស្ស៉ីថែមទៀត»

ក្តីបារម្ភរបស់ទីក្រុងតូក្យូចំពោះទីក្រុងប៉េកាំង បានកើនឡើងនៅក្នុងខែសីហានេះ បន្ទាប់ពីចិនបានធ្វើសមយុទ្ធបាញ់មីស៉ីលផ្លោង ហោះរំលងកោះតៃវ៉ាន់ មកធ្លាក់ក្នុងផ្ទៃសមុទ្រចម្ងាយមិនដល់ ១៦០គីឡូម៉ែត្រឡើយ ពីដែនទឹករបស់ជប៉ុន ខណៈការបាញ់នោះ គឺជាការបញ្ចេញកំហឹងរបស់ចិន ចំពោះដំណើរទស្សនកិច្ចរបស់ ប្រធានសភាតំណាងរាស្រ្តអាមេរិក នៅតៃវ៉ាន់។ ក្រៅពីចិននិងរុស្ស៉ី ក្រសួងការពារជាតិជប៉ុន ក៏បានចាត់ទុកកូរ៉េខាងជើង ជាការគំរាមកំហែងមួយ សម្រាប់ប្រទេសជប៉ុនផងដែរ។

ក្រសួងការពារជាតិជប៉ុន បានគូសបញ្ជាក់ថា សំណើកញ្ចប់ថវិកានោះ គឺសម្រាប់ផ្តល់មូលនិធិទៅក្នុងការផលិតជាទ្រង់ទ្រាយធំ នូវមីស៊ីលគ្រូសបាញ់ចេញពីដីគោក ឆ្ពោះទៅរកគោលដៅជានាវា ហើយនិងមីស៉ីលផ្លោងបាលីស្ទីគថ្មីសន្លាងមួយប្រភេទ។ សម្រាប់មីស៊ីលគ្រូស គឺពួកវានឹងជាមីស៉ីល Type 12 រចនាឡើងដោយក្រុមហ៊ុន Mitsubishi Heavy Industries ដែលកំពុងស្ថិតក្នុងការប្រើប្រាស់ស្រាប់ ប៉ុន្តែនឹងត្រូវពង្រីកចម្ងាយវាយប្រហារឱ្យឆ្ងាយជាងមុន។

បន្ថែមពីនេះ ក្រសួងការពារជាតិជប៉ុន ក៏កំពុងព្យាយាមស្វែងរកថវិកា ដើម្បីអភិវឌ្ឍមីស៊ីលប្រភេទដទៃទៀតផងដែរ ក្នុងនោះរួមមានទាំង មីស៉ីលល្បឿនលឿនជាងសំឡេង។ យ៉ាងណាមិញ ក្រសួងការពារជាតិជប៉ុន មិនបានប្រាប់លម្អិតអំពីរយៈចម្ងាយជាក់លាក់ នៃអាវុធដែលខ្លួនបានស្នើឡើងទាំងនោះ ឬក៏ចំនួនប៉ុន្មានដែលខ្លួនគ្រោងដាក់ពង្រាយឡើយ។ ទោះជាបែបនេះក្តី ពួកវាត្រូវគេជឿថា នឹងមានសមត្ថភាពបាញ់ដល់ប្រទេសចិន ប្រសិនបើដាក់ពង្រាយនៅលើទីប្រជុំកោះ នៃខេត្តអូគីណាវ៉ា ដែលនៅភាគនិរតីប្រទេសជប៉ុន។

គួរបញ្ជាក់ថា កន្លងមក ជប៉ុនក៏បានបញ្ជាទិញមីស៊ីលមួយចំនួនរួចទៅហើយផងដែរ ដែលជាប្រភេទបាញ់ចេញពីយន្តហោះ ទៅលើផ្ទៃដី ក្នុងនោះរួមមានទាំងមីស៊ីល JASSM ដែលអភិវឌ្ឍដោយន័រវែសនិងអាមេរិក និងមានចម្ងាយវាយប្រហាររហូតដល់ ១,០០០ គីឡូម៉ែត្រ។ ពាក់ព័ន្ធនឹងសំណើកញ្ចប់ថវិកាខាងលើវិញ ក្រសួងការពារជាតិជប៉ុន បានស្នើសុំឱ្យមានការបង្កើន៣.៦ភាគរយ គឺឱ្យដល់៥.៦ទ្រីលានយេន ស្មើនឹងជិត៤០ពាន់លានដុល្លារអាមេរិក សម្រាប់ឆ្នាំដែលចាប់ផ្តើមពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២២នេះ៕