(វ៉ាស៉ីនតោន)៖ សេតវិមានបានឲ្យដឹងថា ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ជេក ស៊ូលីវ៉ាន់ (Jake Sullivan) នឹងជួបជាមួយសមភាគីជប៉ុន និងកូរ៉េខាងត្បូងរបស់លោក នៅថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ នៅឯរដ្ឋហាវ៉ៃ ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងនៅក្នុងតំបន់រវាងចិន និងកោះតៃវ៉ាន់។ នេះបើយោងតាមការចុះផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៣១ ខែសីហា ឆ្នាំ២០២២។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃអង្គារសប្តាហ៍នេះ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិ លោកស្រី អាន់ឌ្រៀន វ៉ាតសុន (Adrienne Watson) បានគូសបញ្ជាក់ថា «បន្ទាប់ពីកិច្ចប្រជុំត្រីភាគី, លោក ស៊ូលីវ៉ាន់ នឹងធ្វើទស្សនកិច្ចនៅទីបញ្ជាការឥណ្ឌូប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិក ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ ដើម្បីការពារតំបន់ ឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ»។ ជាមួយគ្នានោះ ទីប្រឹក្សាសន្តិសុខជាតិជប៉ុន លោក អាគីបា តាកេអុ (Akiba Takeo) និង នាយកការិយាល័យសន្តិសុខជាតិរបស់ កូរ៉េខាងត្បូង លោក គីម ស៊ុងហាន (Kim Sung-han) នឹងជួបជាមួយលោក ស៊ូលីវ៉ាន់ នៅឯទីស្នាក់ការកណ្តាលនៃទីបញ្ជាការឥណ្ឌូប៉ាស៊ីហ្វិក ក្នុងទីក្រុង ហូណូលូលូ (Honolulu)។
គួរបញ្ជាក់ថា ការបញ្ជាក់ពីកិច្ចប្រជុំខាងលើ កើតមានឡើង បន្ទាប់ពីនាវាចម្បាំងកងទ័ពជើងទឹកអាមេរិកចំនួន ២គ្រឿង បានធ្វើដំណើរឆ្លងកាត់ដែនទឹកក្នុងច្រកសមុទ្រតៃវ៉ាន់ កាលពីថ្ងៃអាទិត្យសប្តាហ៍មុន ដែលជាប្រតិបត្តិការលើកដំបូងចាប់តាំងពីដំណើរទស្សនកិច្ចទៅកាន់ទីក្រុងតៃប៉ិ ដោយប្រធានសភាតំណាងរាស្រ្តសហរដ្ឋអាមេរិក លោកស្រី ណាន់ស៉ី ផេឡូស៉ី និងបានធ្វើឲ្យចិនខឹងសម្បារ។ ប៉ុន្តែ កងទ័ពជើងទឹកអាមេរិក បានិយាយថា ប្រតិបត្តិការនេះគឺបង្ហាញពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ចំពោះតំបន់ឥណ្ឌូប៉ាស៊ីហ្វិកដោយសេរី និងបើកចំហ ហើយយោធាសហរដ្ឋអាមេរិក នឹងបន្តហោះហើរ ធ្វើនាវាចរ និងប្រតិបត្តិការគ្រប់ទីកន្លែង ដែលច្បាប់អន្តរជាតិអនុញ្ញាត៕