(វ៉ាស៊ីនតោន)៖ រដ្ឋាភិបាលអាមេរិក បានវាយតម្លៃថាទីក្រុងមូស្គូ កំពុងត្រៀមរៀបចំការបោះឆ្នោតប្រជាមតិនៅតាមតំបន់មួយចំនួនក្នុងប្រទេសអ៊ុយក្រែន ដែលទាហានរុស្ស៉ី កំពុងគ្រប់គ្រង ខណៈទាហានអ៊ុយក្រែន បានបើកប្រតិបត្តិការវាយលុកដណ្ដើមយកទឹកដីមកវិញ នៅឯភាគខាងត្បូងនៃប្រទេស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៣១ ខែសីហា ឆ្នាំ២០២២។
នៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយ នៅថ្ងៃអង្គារសប្ដាហ៍នេះ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក វេឌិន ប៉ាថែល (Vedant Patel) បានបញ្ជាក់ទៀតថាផែនការ រៀបចំការបោះឆ្នោតប្រជាមតិរបស់រុស្ស៉ី ធ្វើឡើងក្នុងគោលបំណងបំភាន់ពិភពលោកថាប្រជាជនអ៊ុយក្រែនចង់ចូលរួមជាមួយរុស្ស៉ី។ អ្នកនាំពាក្យរូបនេះបន្ថែមថា បើការបោះឆ្នោតប្រជាមតិធ្វើឡើងសេរី និងយុត្តិធម៌ នោះប្រាកដណាស់ ប្រជាជនអ៊ុយក្រែននឹងជ្រើសរើសមិនចូលរួមជាមួយរុស្ស៉ីនោះទេ។
គួរបញ្ជាក់ថា អ៊ុយក្រែនកាលពីដើមសប្ដាហ៍នេះ បានចាប់ផ្ដើមធ្វើប្រតិបត្តិការវាយលុកលើតំបន់ស្ថិតនៅក្បែរទីក្រុងខឺសុន (Kherson) ស្ថិតនៅភាគខាងត្បូងនៃប្រទេស ហើយក្នុងរយៈពេលត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះចុងក្រោយនេះ កងកម្លាំងអ៊ុយក្រែនបានវាយបំបែកខ្សែការពារជាច្រើននៃកងកម្លាំងរុស្ស៊ី ដោយដណ្ដើមបានភូមិចំនួន៤ ស្ថិតនៅក្បែរទីក្រុងមួយនេះ។ ប៉ុន្តែ ទីក្រុងម៉ូស្គូក៏បានអះអាងដែរថាការវាយលុករបស់អ៊ុយក្រែនបានទទួលបរាជ័យ។ ទីក្រុងខឺសុន ត្រូវបានក្រុមមន្ត្រីអាមេរិកអះអាងថានឹង ក្លាយជាគោលដៅនៃការរៀបចំការបោះឆ្នោតប្រជាមតិរបស់រុស្ស៉ី ដែលអាចនឹងធ្វើឡើងនៅខែកញ្ញាខាងមុខនេះ៕