(គូឡាឡាំពួ)៖ អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៉ី លោក មហាធៀ មហំាម៉ាត់ (Mahathir Mohamad) អាយុ៩៧ឆ្នាំ បានធ្វើតេស្តមានវិជ្ជមានជំងឺកូវីដ ១៩ និងកំពុងសម្រាក នៅក្នុងមន្ទីរពេទ្យ ដើម្បីព្យាបាល និងតាមដានស្ថានភាពជំងឺ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៣១ ខែសីហា ឆ្នាំ២០២២។

សេចក្តីថ្លែងការណ៍មួយពីការិយាល័យរបស់លោក បានបញ្ជាក់យ៉ាងខ្លីថា លោក មហាធៀ ត្រូវបានបញ្ជូនទៅកាន់វិទ្យាស្ថានជាតិបេះដូង ដើម្បីតាមដានស្ថានភាព សុខភាពរបស់លោក ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ តាមការណែនាំរបស់ក្រុមគ្រូពេទ្យ។ បើតាមសេចក្តីថ្លែងការណ៍ដដែល បច្ចុប្បន្នលោក មហាធៀ មានសុខភាពល្អ ធម្មតា និងស្ថិតនៅក្រោមការព្យាបាលយ៉ាងយកចិត្តទុកដាក់។

គួរបញ្ជាក់ថា អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៉ីរូបនេះ ធ្លាប់ទទួលការវះកាត់បេះដូងលើកដំបូង កាលពីឆ្នាំ១៩៨៩ និងលើកទី២ គឺនៅឆ្នាំ២០១៧ ហើយនៅដើមឆ្នាំ២០២២នេះ លោកបានចូលសម្រាកនៅមន្ទីរម្តងទៀត សម្រាប់ការព្យាបាលបេះដូងរបស់លោក៕