(វ៉ាស៉ីនតោន)៖ អ្នកនាំពាក្យសេតវិមាន លោកស្រី ការីន ហ្សង់ព្យែរ (Karine Jean-Pierre) បាននិយាយនៅថ្ងៃអង្គារសប្តាហ៍នេះថា សហរដ្ឋអាមេរិកមានការព្រួយបារម្ភ អំពីផែនការរបស់ឥណ្ឌា ក្នុងការចូលរួមធ្វើសមយុទ្ធយោធារួមគ្នា ជាមួយរុស្ស៊ី។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៣១ ខែសីហា ឆ្នាំ២០២២។
កាលពីខែកក្កដាកន្លងទៅ ទីក្រុងមូស្គូបានប្រកាសផែនការធ្វើសមយុទ្ធមួយមានឈ្មោះថា «វ៉ូស្តុក» (Vostok) ដែលនឹងរៀបចំឡើងនៅតំបន់ភាគខាងកើត ចាប់ពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ ខណៈរុស្ស៉ីកំពុងបន្តធ្វើសង្រ្គាមនៅអ៊ុយក្រែន។ ចំណែកឯ ក្រសួងការពារជាតិចិន ក៏បានប្រកាសផងដែរថាសមយុទ្ធយោធានេះ ត្រូវបានគេរំពឹងថានឹងមានការចូលរួមពីប្រទេសចិន ឥណ្ឌា បេឡារុស ម៉ុងហ្គោលី តាហ្ស៉ីគីស្ថាន និងប្រទេសដទៃទៀត។
នៅពេលត្រូវបានចោទសួរអំពីការចូលរួមរបស់ឥណ្ឌា ក្នុងសមយុទ្ធយោធាខាងលើនេះ លោកស្រី ហ្សង់ព្យែរ បានប្រាប់អ្នកយកព័ត៌មានកំលុងពេលដែលប្រធានាធិបតី ចូ បៃដិន ធ្វើដំណើរទៅកាន់រដ្ឋផេនស៉ីវ៉ានៀ (Pennsylvania) ឲ្យដឹងថា សហរដ្ឋអាមេរិកមានការព្រួយបារម្ភ ក្នុងករណីដែលមានប្រទេសណាមួយនឹងចូលរួមក្នុង សមយុទ្ធយោធាជាមួយរុស្ស៊ី ខណៈប្រទេសនេះកំពុងមានសង្រ្គាមជាមួយអ៊ុយក្រែន៕