(ឡុងដ៍)៖ លោក មីកាអែល ហ្គ័របាឆេវ (Mikhail Gorbachev) ដែលជាអ្នកផ្លាស់ប្ដូរប្រវត្តិសាស្រ្តសម័យទំនើបតាមរយៈការរំលាយសហភាពសូវៀត និងអនុញ្ញាតឱ្យបណ្ដាប្រទេសអឺរ៉ុបខាងកើតទទួលបានឯករាជ្យ បានទទួលមរណភាពហើយនៅថ្ងៃអង្គារសប្ដាហ៍នេះ ក្នុងអាយុ៩១ឆ្នាំ នៅឯមន្ទីរពេទ្យ មួយក្នុងទីក្រុងមូស្គូ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៣១ ខែសីហា ឆ្នាំ២០២២។
បើតាមក្រុមមន្ត្រីមន្ទីរពេទ្យ Russia's Central Clinical Hospital លោក ហ្គ័របាឆេវ បានទទួលមរណភាពដោយសារតែលោកមានជំងឺរុំារ៉ៃធ្ងន់ធ្ងរ។ កាលពីប៉ុន្មាន ឆ្នាំថ្មីៗនេះ សុខភាពរបស់លោកបានស្រុតចុះយ៉ាងខ្លាំង និងបានចេញចូលមន្ទីរពេទ្យជាប្រចាំ។ ក្រោយទទួលបានដំណឹងមរណភាពនេះដែរ លោក ពូទីន បានចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំ។
*តើលោក មីកាអែល ហ្គ័របាឆេវ ជានរណា?
លោក មីកាអែល ហ្គ័របាឆេវ កើតនៅថ្ងៃទី២ ខែមីនា ឆ្នាំ១៩៣១ ក្នុងគ្រួសារកសិករក្រីក្រមួយរស់នៅក្បែរទីក្រុង ស្ដាវរ៉ូប៉ូល (Stavropol)។ ពេញមួយកុមារភាព លោកបានធ្វើការងារស្រែចម្ការជាមួយឪពុកផង និងព្យាយាមសិក្សារៀនសូត្រផង។ លោក ហ្គ័របាឆេវ បានក្លាយជាសមាជិកនៃគណបក្សកុម្មុយនិស្ដសូវៀត ក្នុងឆ្នាំ១៩៥២ និងបានបញ្ចប់ការសិក្សាបរិញ្ញាប័ត្រផ្នែកច្បាប់ នៅសាកលវិទ្យាល័យមូស្គូ (Moscow University) ក្នុងឆ្នាំ១៩៥៥។
លោកបានរៀបការជាមួយមិត្តរួមថ្នាក់របស់លោក គឺលោកស្រី រ៉ៃសា ទីតារិនកូ (Raisa Titarenko)។ នៅអំឡុងដើមទសវត្សរ៍ឆ្នាំ១៩៦០ លោក ហ្គ័របាឆេវ បានក្លាយជាប្រធាននាយកដ្ឋានកសិកម្មក្នុងទីក្រុង ស្ដាវរ៉ូប៉ូល ហើយនៅដំណាច់ទសវត្សរ៍ឆ្នាំ១៩៦០ ប្រជាប្រិយភាពរបស់លោកកើនឡើងជាលំដាប់ និងបាន ក្លាយជាមន្ត្រីកំពូលម្នាក់របស់បក្សប្រចាំទីក្រុងស្ដាវរ៉ូប៉ូល។ រហូតដល់ឆ្នាំ១៩៧១ លោកបានជាប់ឆ្នោតជាសមាជិកគណៈកម្មាធិការមជ្ឈិមបក្ស។
ក្នុងឆ្នាំ១៩៧៨ លោក ហ្គ័របាឆេវ បានត្រឡប់ទៅកាន់ទីក្រុងមូស្គូវិញ ហើយនៅឆ្នាំបន្ទាប់ លោកត្រូវបានជ្រើសរើសជាបេក្ខជននៃសមាជិកការិយាល័យនយោបាយ របស់បក្ស។ នៅក្រោយក្លាយជាសមាជិកការិយាល័យនយោបាយពេញសិទ្ធិនៅឆ្នាំ១៩៨០ លោក ហ្គ័របាឆេវ បានក្លាយជាអ្នកនយោបាយម្នាក់ដែលកាន់តែមាន ឥទ្ធិពល បន្ទាប់ពីគ្រូមគ្គទេសក៍របស់លោក គឺលោក អាន់ដ្រូប៉ូវ (Andropov) ឡើងកាន់តំណែងជាអគ្គលេខាធិការបក្សជំនួសលោក ឡេអូនីដ ប្រេសស្នេវ (Leonid Brezhnev)។
ចាប់តាំងពីពេលនោះមក លោក ហ្គ័របាឆេវ ចាប់ផ្ដើមកសាងអំណាចនៅក្នុងបក្ស ជាមួយគោលនយោបាយបំបាត់អំពើពុករលួយ និងរហូតដល់ឆ្នាំ១៩៨៥ ទើប លោកក្លាយជាមេដឹកនាំសហភាពសូវៀត។ ប៉ុន្តែ នៅឆ្នាំ១៩៩១ លោក ហ្គ័របាឆេវ ដែលជាមេដឹកនាំសូវៀតចុងក្រោយបំផុតបានចូលរួមចំណែកក្នុងការបញ្ចប់ សង្រ្គាមត្រជាក់ តាមរយៈការរំលាយ សហភាពសូវៀត និងអនុញ្ញាតឱ្យបណ្ដាប្រទេសអឺរ៉ុបខាងកើតទទួលបានឯករាជ្យ៕