(ឡុងដ៍)៖ លោក មីកាអែល ហ្គ័របាឆេវ (Mikhail Gorbachev) ដែលជាអ្នកផ្លាស់ប្ដូរប្រវត្តិសាស្រ្តសម័យទំនើបតាមរយៈការរំលាយសហភាពសូវៀត និងអនុញ្ញាតឱ្យបណ្ដាប្រទេសអឺរ៉ុបខាងកើតទទួលបានឯករាជ្យ បានទទួលមរណភាពហើយនៅថ្ងៃអង្គារសប្ដាហ៍នេះ ក្នុងអាយុ៩១ឆ្នាំ នៅឯមន្ទីរពេទ្យ មួយក្នុងទីក្រុងមូស្គូ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៣១ ខែសីហា ឆ្នាំ២០២២។
បើតាមក្រុមមន្ត្រីមន្ទីរពេទ្យ Russia's Central Clinical Hospital លោក ហ្គ័របាឆេវ បានទទួលមរណភាពដោយសារតែលោកមានជំងឺរុំារ៉ៃធ្ងន់ធ្ងរ ហើយកាលពីប៉ុន្មានឆ្នាំថ្មីៗនេះ សុខភាពរបស់លោកបានស្រុតចុះយ៉ាងខ្លាំង និងបានចេញចូលមន្ទីរពេទ្យជាប្រចាំ។
ក្រោយទទួលបានដំណឹងមរណភាពនេះ លោក ពូទីន បានចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំ។ លោក ហ្គ័របាឆេវ បានឡើងកាន់អំណាចជាមេដឹកនាំសហភាពសូវៀត នៅឆ្នាំ១៩៨៥។ លោកជាមេដឹកនាំសូវៀតចុងក្រោយបំផុត ដោយ នៅឆ្នាំ១៩៩១ លោកបានចូលរួមចំណែកក្នុងការបញ្ចប់សង្រ្គាមត្រជាក់ តាមរយៈការរំលាយសហភាពសូវៀត និងអនុញ្ញាតឱ្យបណ្ដាប្រទេសអឺរ៉ុបខាងកើតទទួលបានឯករាជ្យ៕