(វ៉ាស៊ីនតោន)៖ មន្រ្តីជាន់ខ្ពស់ការពារជាតិអាមេរិកម្នាក់ បានឱ្យដឹងកាលពីថ្ងៃចន្ទសប្តាហ៍នេះថា រុស្ស៉ីកំពុងជួបបញ្ហាលំបាកក្នុងការស្វែងរកកងទ័ពបន្ថែម ដើម្បីបញ្ជូនទៅប្រយុទ្ធក្នុងសង្រ្គាមនៅអ៊ុយក្រែន ខណៈសូម្បីអ្នកទោសក៏ត្រូវបានទទួលយកផងដែរ ហើយទាហានថ្មីៗភាគច្រើន ស្ថិតក្នុងវ័យចំណាស់, មានកាយសម្បាទាមិនសមស្រប និងខ្វះខាតការហ្វឹកហាត់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៣០ ខែសីហា ឆ្នាំ២០២២។
មន្រ្តីអាមេរិកខាងលើដែលសុំមិនបញ្ចេញអត្តសញ្ញាណ បានកត់សម្គាល់អំពីការចេញក្រឹត្យមួយ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ដោយប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដែលសំដៅបង្កើនចំនួនកម្លាំងកងទ័ពរបស់រុស្ស៉ី ក្នុងកម្រិតខ្ទង់១០ភាគរយ គឺឱ្យដល់១.១៥លាននាក់ ចាប់ពីខែមករា ឆ្នាំ២០២៣ តទៅ។
មន្រ្តីរូបនោះបានលើកឡើងថា ក្រោយជួបប្រទះឧបសគ្គរាំងស្ទះធំៗ និងការបាត់បង់ទាហានយ៉ាងច្រើន នៅក្នុងរយៈពេល៦ខែ បន្ទាប់ពីបើកការឈ្លានពានលើអ៊ុយក្រែន ក្រសួងការពារជាតិអាមេរិកជឿជាក់ថា កិច្ចប្រឹងប្រែងរបស់លោក ពូទីន ទំនងជាមិនអាចទទួលបានជោគជ័យឡើយ ដ្បិតតាំងពីដើមមករុស្ស៉ីមិនដែលសម្រេចបាន តាមគោលដៅនៃចំនួនទាហាន ក៏ដូចជាកម្លាំងនៃយោធារបស់ខ្លួន នោះទេ។
មន្រ្តីយោធាអាមេរិកដដែល បានបន្ថែមថា «តាមពិតរុស្ស៉ីបានចាប់ផ្តើមព្យាយាម ពង្រីកកិច្ចប្រឹងប្រែងកែនទ័ពរបស់ខ្លួន ជាបណ្តើរៗរួចទៅហើយ រួមមានទាំង តាមរយៈការកែនពលពីក្នុងចំណោមក្រុមអ្នកទោសទៀតផង។ ម៉្យាងវិញទៀត ទាហានថ្មីៗដែលរុស្ស៉ីទើបប្រមូលបាន គឺត្រូវមើលឃើញថា ជាច្រើននាក់មានវ័យចំណាស់, មានរូបរាងកាយមិនសូវរឹងមាំ ហើយខ្សោយការហ្វឹកហាត់។ សូម្បីតែមុនពេល សង្រ្គាមអ៊ុយក្រែនផ្ទុះឡើងទៅទៀត គឺកងទ័ពរុស្ស៉ីប្រហែលមិនគ្រប់ចំនួន ១លាននាក់ ដូចដែលខ្លួនបានអះអាងនោះទេ ដោយខ្វះប្រហែល១៥០,០០០នាក់»។
គួរបញ្ជាក់ថា កាលពីដើមខែសីហានេះ អនុរដ្ឋមន្រ្តីការពារជាតិអាមេរិក លោក ខូលីន កាល (Colin Kahl) បានធ្វើការប៉ាន់ប្រមាណថា ទាហានរុស្ស៉ីចន្លោះ ៧០,០០០-៨០,០០០នាក់ បានបាត់បង់ជីវិត ឬរងរបួស នៅអ៊ុយក្រែន ចាប់តាំងពីការឈ្លានពានបានចាប់ផ្តើម កាលពីថ្ងៃទី២៤ ខែកុម្ភៈ៕