(ប៉េកាំង)៖ អ្នកនាំពាក្យស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៉ីនតោន លោក លឺ ផេងយូ (Liu Pengyu) បាននិយាយកាលពីថ្ងៃចន្ទសប្តាហ៍នេះថា ប្រទេសចិននឹងឆ្លើយតបដោយ «វិធានការយ៉ាងខ្លាំងក្លា និងម៉ឺងម៉ាត់» ប្រសិនបើទីក្រុងវ៉ាស៉ីនតោនបន្តកិច្ចសហប្រតិបត្តិការយោធា ជាមួយកោះតៃវ៉ាន់។ នេះបើយោងតាមការចុះផ្សាយដោយ សារព័ត៌មានរុស្ស៉ី RT នៅថ្ងៃអង្គារ ទី៣០ ខែសីហា ឆ្នាំ២០២២។

សារព័ត៌មាន Politico បានរាយការណ៍ថា រដ្ឋបាលលោក ចូ បៃដិន គ្រោងនឹងស្នើសុំសភាឲ្យយល់ព្រមលើការលក់អាវុធ ក្នុងទំហំទឹកប្រាក់ ១.១ពាន់លានដុល្លារ ទៅឲ្យកោះតៃវ៉ាន់។ លោក លឺ បានហៅផែនការលក់អាវុធនេះថា តំណាងឲ្យការរំលោភបំពានយ៉ាងខ្លាំង លើគោលនយោបាយចិនតែមួយ និងកិច្ចព្រមព្រៀងផ្សេងទៀត ដែលសម្រេចបានរវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៉ីនតោន។

អ្នកនាំពាក្យស្ថានទូតចិនរូបនេះ បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «ភាគីអាមេរិកត្រូវតែបញ្ឈប់ជាបន្ទាន់នូវការលក់អាវុធ និងផ្តាច់ទំនាក់ទំនងយោធាជាមួយតៃវ៉ាន់, បញ្ឈប់ការបង្កឲ្យមានភាពតានតឹងនៅឯច្រកសមុទ្រតៃវ៉ាន់ ហើយអនុវត្តតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលមិនគាំទ្រឯករាជ្យភាពតៃវ៉ាន់»។ លោក បានបន្ថែមថា «ចិននឹងបន្តចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីការពារអធិបតេយ្យ និងផលប្រយោជន៍សន្តិសុខរបស់ខ្លួន»

គួរបញ្ជាក់ថា សារព័ត៌មាន Politico ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីមន្ត្រីអាមេរិក៣រូប ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានឱ្យដឹងទៀតថាកញ្ចប់អាវុធខាងលើ ដែលកំពុងស្ថិតនៅក្នុងដំណាក់ដំបូងនៅឡើយ រួមមានមីស៊ីល ហាពូន (Harpoon) ៦០ដើម មានតម្លៃ ៣៥៥លានដុល្លារ មីស៊ីលបំពាក់លើយន្ដហោះចម្បាំង សាយវីនដឺ (Sidewinder) ១០០ដើម មានតម្លៃ ៨៥.៦លានដុល្លារ និងប្រព័ន្ធរ៉ាដាស៊ើបការណ៍មួយគ្រឿងក្នុងតម្លៃ ៦៥៥.៤លានដុល្លារ។ បើតាមប្រភពដដែល មីស៊ីល Sidewinder នឹងត្រូវបានប្រើប្រាស់សម្រាប់ ការបំពាក់លើយន្ដហោះចម្បាំង F-16 របស់តៃវ៉ាន់៕