(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានជំរុញឲ្យទាហានរុស្ស៉ីដកថយទៅស្រុកកំណើតវិញ ខណៈកងកម្លាំងរបស់លោកកំពុងបង្កើន ការវាយលុកលើទីក្រុងខឺសុន (Kherson) ស្ថិតនៅភាគខាងត្បូងនៃប្រទេស ដើម្បីដណ្តើមយកទឹកដីរបស់ខ្លួនមកវិញ។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន នៅថ្ងៃអង្គារ ទី៣០ ខែសីហា ឆ្នាំ២០២២។
តាមរយៈសារជាវីដេអូកាលពីយប់ថ្ងៃចន្ទសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) លោក ហ្សេលេនស្គី បានប្តេជ្ញាថាទាហានអ៊ុយក្រែននឹងដេញតាមកងទ័ពរុស្ស៉ីរហូត «ដល់ព្រំដែន»។ លោក ហ្សេលេនស្គី បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ប្រសិនបើទាហានរុស្ស៉ីចង់នៅរស់ ដូច្នេះពួកគេគួរតែត្រឡប់ទៅផ្ទះវិញ។ ទាហានអ៊ុយក្រែន នឹងដណ្តើមយកទឹកដីទាំងអស់របស់ខ្លួនមកវិញ»។
គួរបញ្ជាក់ថា ទីប្រឹក្សាជាន់ខ្ពស់របស់ប្រធានាធិបតីអ៊ុយក្រែន លោក អូឡិចស៉ី អារ៉េសស្តូវ៉ិច បានឲ្យដឹងថា ក្នុងរយៈពេលត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះចុងក្រោយនេះ កងកម្លាំងអ៊ុយក្រែនបានវាយបំបែកខ្សែការពារជាច្រើននៃកងកម្លាំងរុស្ស៊ី ដោយដណ្ដើមបានភូមិចំនួន៤ ស្ថិតនៅក្បែរទីក្រុងខឺសុន។ ប៉ុន្តែ ទីក្រុងម៉ូស្គូក៏បានអះអាង ដែរថាការវាយលុករបស់អ៊ុយក្រែនបានទទួលបរាជ័យ ដោយរុស្ស៉ីបានបាញ់ផ្លោងយ៉ាងខ្លាំងលើទីក្រុងកំពង់ផែម៉ាយកូលេវ (Mykolaiv)៕