(កៀវ)៖ អ៊ុយក្រែន បានអះអាងថា ទាហានរបស់ខ្លួនបានវាយបំបែកខ្សែការពារជាច្រើនទីតាំងរបស់កងកម្លាំងរុស្ស៉ី នៅក្បែរទីក្រុងខឺសុន (Kherson) ស្ថិតនៅភាគខាងត្បូងនៃប្រទេស ខណៈទីក្រុងកៀវ កំពុងបង្កើនយុទ្ធនាការវាយដណ្តើមយកទឹកដីមកវិញ។ ប៉ុន្តែ ទីក្រុងម៉ូស្គូក៏បានអះអាងដែរថាការវាយលុក របស់អ៊ុយក្រែនបានទទួលបរាជ័យ ដោយរុស្ស៉ីបានបាញ់ផ្លោងយ៉ាងខ្លាំងលើទីក្រុងកំពង់ផែម៉ាយកូលេវ (Mykolaiv)។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៣០ ខែសីហា ឆ្នាំ២០២២។

លោក អូឡិចស៉ី អារ៉េសស្តូវ៉ិច (Oleksiy Arestovych) ជាទីប្រឹក្សាជាន់ខ្ពស់របស់ប្រធានាធិបតីអ៊ុយក្រែន បានគូសបញ្ជាក់ថា «ខ្ញុំសូមកត់សម្គាល់ថាថ្ងៃនេះ យើងបានវាយបំបែកខ្សែការពារជាច្រើននៃកងកម្លាំងរុស្ស៊ី ក្នុងរយៈពេលត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ»។ លោកបានបន្ថែមថា កងកម្លាំងអ៊ុយក្រែនបានបាញ់ ផ្លោងលើកប៉ាល់ ដែលក្រុងម៉ូស្គូកំពុងប្រើប្រាស់ដើម្បីបញ្ជូនការផ្គត់ផ្គង់ដល់កងកម្លាំងរុស្ស៉ី នៅលើទឹកដីដែលខ្លួនកាន់កាប់ស្ថិតនៅច្រាំងខាងលិចនៃទន្លេ ឌីនីប្រូ (Dnipro) នៃទីក្រុងខឺសុន។

ក្រសួងការពារជាតិរុស្ស៊ីក៏បានទទួលស្គាល់ដែរថា ទាហានអ៊ុយក្រែនកំពុងព្យាយាមវាយលុក នៅក្នុងទីក្រុង ម៉ាយកូលេវ និងទីក្រុងខឺសុន ប៉ុន្តែត្រូវរងការវាយបក វិញយ៉ាងធ្ងន់ធ្ងរពីសំណាក់កងកម្លាំងរុស្ស៉ី។ យ៉ាងណាក៏ដោយ មន្ត្រីមូលដ្ឋានដែលតែងតាំងដោយរុស្ស៊ីបាននិយាយថាគ្រាប់រ៉ុក្កែតរបស់អ៊ុយក្រែនបានធ្វើឱ្យ ទីក្រុងណូវ៉ា កាខូវកា (Nova Kakhovka) ដែលកាន់កាប់ដោយរុស្ស៊ីគ្មានទឹក និងថាមពលប្រើប្រាស់។

ទីភ្នាក់ងារសារព័ត៌មាន Reuters មិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យនូវរបាយការណ៍សមរភូមិខាងលើបាននៅឡើយទេ។ ប៉ុន្តែ មន្ត្រីប្រចាំទីក្រុង និងសាក្សី បានឱ្យដឹងកាលពីថ្ងៃចន្ទសប្តាហ៍នេះថា ការបាញ់ផ្លោងរបស់រុស្សីថ្មីៗលើទីក្រុងម៉ាយកូលេវ សម្លាប់មនុស្សយ៉ាងហោចណាស់ ២នាក់ និងរបួស ២៤នាក់ផ្សេងទៀត និងបានបំផ្លាញផ្ទះសម្បែងជាច្រើនខ្នង៕