(បាកដាដ)៖ ការប៉ះទង្គិចគ្នាដ៏ហិង្សាមួយ បានផ្ទុះឡើងនៅក្នុងទីក្រុងបាកដាដ ប្រទេសអ៉ីរ៉ាក់ដោយផ្ដាច់ជីវិតមនុស្សយ៉ាងហោច ២០នាក់ នៅថ្ងៃចន្ទសប្ដាហ៍នេះ បន្ទាប់ពីមេដឹកនាំសាសនានិកាយស៊ីអ៉ីត ដ៏មានឥទ្ធិពលនៅក្នុងប្រទេស គឺលោក មូគតាដា អាល់-សាដាដ (Muqtada al-Sadr) បានប្រកាសពីការដកខ្លួនទាំងស្រុងចេញពីជីវិតនយោបាយ និងការបិទការិយាល័យនយោបាយរបស់លោក។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៣០ ខែសីហា ឆ្នាំ២០២២។

ក្រុមអ្នកគាំទ្រលោក អាល់-សាដាដ បានសម្រុកចូលក្នុងអគាររដ្ឋាភិបាលអ៉ីរ៉ាក់ នៅក្នុងតំបន់ Green Zone នៃទីក្រុងបាកដាដ ហើយបើតាម ក្រុមមន្ត្រីសន្តិសុខក្រុមអ្នកគាំទ្រ លោក សាដាដបានប៉ះទង្គិចគ្នាជាមួយកងកម្លាំងសន្តិសុខអ៉ីរ៉ាក់ ដែលយាមកាមនៅក្នុងតំបន់ Green Zone។ ប៉ុន្តែ គេមិនទាន់អាចបញ្ជាក់បានថាតើភាគីណាមួយបើកការវាយប្រហារមុននោះទេ ខណៈក្រុមជីវពលស៊ីអ៉ីតគាំទ្រដោយអ៉ីរ៉ង់ត្រូវបានគេជឿជាក់ថា ក៏មានជាប់ពាក់ព័ន្ធនឹងជម្លោះនេះដែរ។ នៅថ្ងៃចន្ទសប្ដាហ៍នេះដែរ លោក មូគតាដា អាល់-សាដាដ បានប្រកាសធ្វើកូដកម្មបង្អត់អាហារ ជាការតវ៉ា ទៅនឹងការប្រើប្រាស់អាវុធវាយប្រហារដាក់គ្នារវាងគ្រប់ភាគី។

គួរបញ្ជាក់ថា កាលពីខែមិថុនាកន្លងទៅនេះ លោក អាល់-សាដាដ ក៏បានណែនាំឱ្យក្រុមសមាជិកសភាខាងលោក នាំគ្នាលាលែងទ្រង់ទ្រាយធំ។ ពួកគេក៏បានធ្វើយ៉ាងដូច្នោះ ប៉ុន្តែប្រការនោះបាននាំឱ្យការគ្រប់គ្រងសភាធ្លាក់ទៅលើក្រុមគូបដិបក្ខរបស់លោក ដែលគាំទ្រដោយអ៉ីរ៉ង់។

ហេតុដូច្នេះ ក្រុមអ្នកគាំទ្រលោក អាល់-សាដាដ បាននាំគ្នាចុះផ្លូវធ្វើការតវ៉ា ដើម្បីទាមទារឱ្យមានការរំលាយសភា ហើយពួកគេថែមទាំងបានចូលអុកឡុក ដល់ក្នុងវិមានសភា កាលពីខែកក្កដា ទៀតផង។ ចាប់តាំងពីពេលនោះ ក្រុមបាតុករបានរក្សាការតវ៉ា របស់ពួកគេដោយអង្គុយនៅមុខសភា រហូតមកទល់ឥឡូវ៕