(វ៉ាស៊ីនតោន)៖ លោកប្រធានាធិបតី ចូ បៃដិន មានផែនការស្នើសុំឱ្យសភាទាំង២ របស់សហរដ្ឋអាមេរិក អនុម័តការលក់អាវុធក្នុងទំហំទឹកប្រាក់ ១.១ពាន់លានដុល្លារ ឱ្យតៃវ៉ាន់ ក្នុងនោះរួមមានទាំងមីស៊ីលប្រឆាំងនាវាចម្បាំង ៦០ដើម និងមីស៊ីលបំពាក់លើយន្ដហោះចម្បាំង ១០០ដើម។ នេះបើតាមការដកស្រង់ចេញផ្សាយពីសារព័ត៌មាន Politico នៅថ្ងៃអង្គារ ទី៣០ ខែសីហា ឆ្នាំ២០២២។
សារព័ត៌មាន Politico ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីមន្ត្រីអាមេរិក៣រូប ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានឱ្យដឹងទៀតថាកញ្ចប់ អាវុធខាងលើដែលកំពុងស្ថិតនៅក្នុងដំណាក់ដំបូងនៅឡើយ រួមមានមីស៊ីល ហាពូន (Harpoon) ៦០ដើម មានតម្លៃ ៣៥៥លានដុល្លារ មីស៊ីលបំពាក់លើយន្ដហោះចម្បាំង សាយវីនដឺ (Sidewinder) ១០០ដើម មានតម្លៃ ៨៥.៦លានដុល្លារ និងប្រព័ន្ធរ៉ាដាស៊ើបការណ៍មួយគ្រឿងក្នុងតម្លៃ ៦៥៥.៤លានដុល្លារ។ បើតាមប្រភពដដែល មីស៊ីល Sidewinder នឹងត្រូវបានប្រើប្រាស់សម្រាប់ការបំពាក់លើយន្ដហោះចម្បាំង F-16 របស់ តៃវ៉ាន់។
គួរបញ្ជាក់ថា សេចក្ដីរាយការណ៍ពីផែនការលក់អាវុធខាងលើ កើតមានឡើងនៅចំពេលភាពតានតឹងក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់ កំពុងឡើងកម្ដៅខ្លាំង ចាប់តាំងពីប្រធានសភាតំណាងរាស្ត្រអាមេរិក លោកស្រី ណាន់ស៊ី ផេឡូស៊ី បំពេញទស្សនកិច្ចនៅតៃវ៉ាន់កាលពីដើមខែសីហាមក ហើយកាលពីថ្ងៃអាទិត្យកន្លងទៅ សហរដ្ឋអាមេរិកក៏បានអះអាងដែរថាខ្លួនបានបញ្ជូននាវាចម្បាំង២គ្រឿង ឱ្យធ្វើដំណើរឆ្លងកាត់តាមតំបន់ច្រកសមុទ្រតៃវ៉ាន់ ដោយកាន់តែបង្កភាពក្ដៅក្រហាដល់ចិន ដែលតែងតែងចាត់ទុកថាតៃវ៉ាន់ គឺជាខេត្តមួយរបស់ខ្លួន៕