(ប៉ាគីស្ថាន)៖ ផ្ទះតូចៗនៅស្រុក Panjal Sheikh បានចាប់ផ្តើមដួលរលំម្តងមួយៗ ខណៈដែលភ្លៀងធ្លាក់យ៉ាងគំហុកបានបោកបក់ ពាសពេញភូមិតូចមួយនៅភាគខាងត្បូងប្រទេសប៉ាគីស្ថាន និងបានជន់លិចដីស្រែជាច្រើនជុំវិញនោះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៩ ខែសីហា ឆ្នាំ២០២២។
បន្ទាប់ពីភ្លៀងធ្លាក់ឥតឈប់ឈររយៈពេលជិតពីរសប្តាហ៍ក្នុងខែនេះ គ្មានអ្វីនៅសេសសល់ឡើយ ក្រៅតែពីជញ្ជាំងខូចខាត កំទេចកំទី និងគំនរទ្រព្យសម្បតិ្តរបស់ប្រជាពលរដ្ឋដែលផុសចេញពីទឹកពណ៌ត្នោត និងភក់ពណ៌ប្រផេះនោះទេ។
អ្នកស្រុក Panjal Sheikh ស្ថិតក្នុងចំណោមមនុស្សរាប់សិបលាននាក់ ដែលរងគ្រោះនៅទូទាំងប្រទេសប៉ាគីស្ថាន ដោយទឹកជំនន់ខ្យល់មូសុងដ៏អាក្រក់បំផុត ក្នុងរយៈពេលមួយទសវត្សរ៍ ដែលបានបំផ្លាញផ្ទះជិតមួយលានខ្នង និងបានសម្លាប់មនុស្សជាង ១,០០០នាក់ ចាប់តាំងពីភ្លៀងបានចាប់ផ្តើមនៅក្នុងខែមិថុនា។
អ្នកស្រុក Panjal Sheikh លោក Mukhtiar Ahmed បាននិយាយថា «នៅពេលដែលវាចាប់ផ្តើមភ្លៀង វាបានបំផ្លិចបំផ្លាញនៅគ្រប់ទិសទី»។
គាត់បានបន្តទៀតថា «នៅពេលដែលយើងប្រញាប់ប្រញាល់ព្យាយាម ជួយសង្គ្រោះក្មេងៗនៅក្នុងផ្ទះដែលទើបតែដួលរលំ ផ្ទះមួយទៀតបានដួលរលំ ហើយបន្ទាប់មកផ្ទះមួយទៀត...ភូមិទាំងមូលត្រូវបានបំផ្លាញ»៕