(អង់ការ៉ា)៖ កាលពីថ្ងៃអាទិត្យកន្លងទៅ តួកគីបានអះអាងថា ក្រិកដែលជាសមាជិកអង្គការ ណាតូ (NATO) ដូចគ្នា បានប្រើប្រាស់ ប្រព័ន្ធមីស៉ីលការពារដែនអាកាសផលិតដោយរុស្ស៉ីគឺ S-300 មកបំពានលើយន្តហោះចម្បាំងរបស់ខ្លួន ពេលបំពេញបេសកកម្មឈ្លបការណ៍មួយ កាលពីកន្លងទៅនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៩ ខែសីហា ឆ្នាំ២០២២។
ក្រសួងការពារជាតិតួកគីបានឱ្យដឹងថា ហេតុការណ៍ខាងលើបានកើតឡើង កាលពីថ្ងៃទី២៣ ខែសីហា នៅពេលដែលប្រព័ន្ធមីស៉ីល S-300 ឈរជើងនៅឯកោះគ្រីត (Crete) នៃប្រទេសក្រិក បានតម្រង់រ៉ាដាកំណត់មកលើ ក្រុមយន្តហោះចម្បាំង F-16 របស់តួកគី ដែលហោះធ្វើប្រតិបត្តិការ នៅចម្ងាយ៣គីឡូម៉ែត្រពីភាគខាងលិចកោះរ៉ូដ (Rhodes) របស់ក្រិក។
ក្រសួងការពារជាតិតួកគី បានលើកឡើងយ៉ាងដូច្នេះថា «វាមិនសមស្របទាល់តែសោះជាមួយ ស្មារតីរបស់បក្សសម្ព័ន្ធយោធា NATO ហើយសកម្មភាពនោះ គឺស្មើនឹងសកម្មភាពបែបជាសត្រូវ នៅក្រោមក្បួនច្បាប់របស NATO ស្តីពីការធ្វើប្រាស្រ័យទាក់ទងយោធា។ យ៉ាងណាក្តី ទោះមានសកម្មភាពបែបនេះក៏ដោយ ក្រុមយន្តហោះចម្បាំងតួកគី បានសម្រេចបេសកកម្មខ្លួន និងត្រឡប់មកដល់មូលដ្ឋានវិញ ដោយសុវត្ថិភាព»។
ពាក់ព័ន្ធការចោទប្រកាន់ខាងលើ របស់ទីក្រុងអង់ការ៉ា ក្រសួងការពារជាតិក្រិក បានចេញមុខច្រានចោល ដោយឆ្លើយតបដូច្នេះថា «ប្រព័ន្ធមីស៉ីលការពារដែនអាកាស S-300 របស់ប្រទេសក្រិក មិនដែលបានកំណត់រ៉ាដាទៅលើ យន្តហោះចម្បាំង F-16 របស់តួកគី នោះឡើយ»។
គួរបញ្ជាក់ ប្រទេសជិតខាងទាំងពីរ មានបញ្ហាវិវាទរឿងព្រំដែនសមុទ្រនិងអាកាស ជាមួយគ្នាយូរមកហើយ ដែលបាននាំឱ្យមាន ការហោះល្បាតនិងការស្ទាក់គ្នាទៅវិញទៅមក ស្ទើរជារៀងរាល់ថ្ងៃ ភាគច្រើននៅជុំវិញបណ្តាកោះរបស់ក្រិក ដែលស្ថិតនៅក្បែរ បណ្តោយឆ្នេររបស់តួកគី៕