(បាកដាដ)៖ មេដឹកនាំសាសនាដ៏មានឥទ្ធិពលនៅក្នុងប្រទេសអ៉ីរ៉ាក់ គឺលោក មូគតាដា អាល់-សាឌៀ (Muqtada al-Sadr) នៅថ្ងៃចន្ទនេះ បានប្រកាសពីការដកខ្លួនទាំងស្រុងចេញពីជីវិតនយោបាយ និងការបិទការិយាល័យនយោបាយរបស់លោក ខណៈវាមិនច្បាស់នោះទេថា ការសម្រេចធ្វើបែបនេះ នឹងជួយបន្ធូរបន្ថយឬក៏ដុតបញ្ឆេះភាពតានតឹងកាន់តែខ្លាំង។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Aljazeera នៅថ្ងៃចន្ទ ទី២៩ ខែសីហា ឆ្នាំ២០២២។
ដំណឹងខាងលើត្រូវបានប្រកាសតាមប្រព័ន្ធ Twitter របស់លោក ហើយវាកើតឡើងចំគ្រាដែល ក្រុមអ្នកគាំទ្ររបស់លោកបាននាំគ្នាធ្វើបាតុកម្ម អស់រយៈពេលជាច្រើនខែមកហើយ ដើម្បីគាំទ្រចំពោះការអំពាវនាវរបស់លោក ដែលចង់ឱ្យមានការរំសាយសភា។ ក្រុមបក្សនយោបាយ ដែលជាអ្នកគាំទ្រលោក អាល់-សាឌៀ ទទួលបានអាសនៈច្រើនជាងគេ នៅក្នុងការបោះឆ្នោតសកលកាលពីខែតុលា ឆ្នាំ២០២១ ប៉ុន្តែមិនអាចបង្កើតរដ្ឋាភិបាលបាន។
កាលពីខែមិថុនាកន្លងទៅនេះ លោក អាល់-សាឌៀ ក៏បានណែនាំឱ្យក្រុមសមាជិកសភាខាងលោក នាំគ្នាលាលែងទ្រង់ទ្រាយធំ។ ពួកគេក៏បានធ្វើយ៉ាងដូច្នោះ ប៉ុន្តែប្រការនោះបាននាំឱ្យការគ្រប់គ្រងសភា ធ្លាក់ទៅលើក្រុមគូបដិបក្ខរបស់លោក ដែលគាំទ្រដោយអ៉ីរ៉ង់។
ហេតុដូច្នេះ ក្រុមអ្នកគាំទ្រលោក អាល់-សាឌៀ បាននាំគ្នាចុះផ្លូវធ្វើការតវ៉ា ដើម្បីទាមទារឱ្យមានការរំលាយសភា ហើយពួកគេថែមទាំងបានចូលអុកឡុក ដល់ក្នុងវិមានសភា កាលពីខែកក្កដា ទៀតផង។ ចាប់តាំងពីពេលនោះ ក្រុមបាតុករបានរក្សាការតវ៉ា របស់ពួកគេដោយអង្គុយនៅមុខសភា រហូតមកទល់ឥឡូវ។
គួរបញ្ជាក់ថា នៅថ្ងៃអង្គារសប្តាហ៍នេះ តុលាការសហព័ន្ធកំពូលរបស់ប្រទេសអ៉ីរ៉ាក់ នឹងកោះប្រជុំដើម្បីសម្រេចថាតើ សភានឹងត្រូវតែរំលាយ ឬក៏យ៉ាងណា។ សម្រាប់លោក អាល់-សាឌៀ វិញ កាលពីមុន ក៏ធ្លាប់បានប្រកាសដកខ្លួន ចេញពីឆាកនយោបាយបែបនេះដែរ ប៉ុន្តែមិនយូរប៉ុន្មាន បានផ្លាស់ប្តូរការសម្រេចចិត្តវិញ៕