(កៀវ)៖ ប្រធានទីភ្នាក់ងារ IAEA របស់អង្គការសហប្រជាជាតិ (UN) បានឱ្យដឹងថា នៅថ្ងៃចន្ទនេះក្រុមការងារមកពីទីភ្នាក់ងាររបស់លោក បានចេញដំណើរទៅកាន់ រោងចក្រថាមពលនុយក្លេអ៊ែរ ហ្សាប៉ូរីសហ្សៀរបស់អ៊ុយក្រែនហើយ ស្របពេលទីក្រុងមូស្គូនិងទីក្រុងកៀវ ចោទប្រកាន់គ្នាទៅវិញទៅមក អំពីការបាញ់ផ្លោងទៅលើបរិវេណនៃស្ថានីយនេះ ដែលបង្កឱ្យមានក្តីបារម្ភជាខ្លាំង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៩ ខែសីហា ឆ្នាំ២០២២។
លោក រ៉ាហ្វាអែល ហ្គ្រោស្ស៉ី (Rafael Grossi) អគ្គនាយកនៃទីភ្នាក់ងារអាតូមិចអន្តរជាតិ IAEA បានបង្ហោះដំណឹងខាងលើតាមរយៈប្រព័ន្ធ Twitter។ លោកបានលើកឡើងថា «យើងចាំបាច់ត្រូវការពារសុវត្ថិភាពនិងសន្តិសុ ខនៃស្ថានីយថាមពលនុយក្លេអ៊ែរធំបំផុតរបស់អ៊ុយក្រែន និងប្រចាំនៅទ្វីបអឺរ៉ុបទាំងមូល»។ ក្រុមអ្នកជំនាញដែលលោក Grossi កំពុងដឹកនាំដោយផ្ទាល់ នឹងធ្វើដំណើរទៅដល់រោងចក្រ ហ្សាប៉ូរីសហ្សៀ (Zaporizhzhia) ដែលស្ថិតនៅភាគខាងត្បូងអ៊ុយក្រែន ក្នុងសប្តាហ៍នេះ។
គួរបញ្ជាក់ថា ស្ថានីយថាមពលនុយក្លេអ៊ែរនេះ ត្រូវកងទ័ពរុស្ស៉ីដណ្តើមកាន់កាប់បាន កាលពីខែមីនាកន្លងទៅ ប៉ុន្តែបុគ្គលិកអ៊ុយក្រែន កំពុងបន្តធ្វើការងារ នៅទីនោះដដែល។ រុស្ស៉ីនិងអ៊ុយក្រែនបានចោទគ្នាទៅវិញទៅមក អំពីការវាយប្រហារដោយរ៉ុក្កែតនិងកាំភ្លើងធំ សំដៅទៅរកឬទៅក្បែរ រោងចក្រនុយក្លេអ៊ែរ Zaporizhzhia ខណៈសកម្មភាពប្រយុទ្ធគ្នាទាំងនេះ បានបង្កការភ័យព្រួយកាន់តែខ្លាំងឡើងថា វាអាចនឹងបង្កឱ្យមានការលេចធ្លាយសារធាតុវិទ្យុសកម្មធ្ងន់ធ្ងរ៕