(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក មានផែនការតែងតាំងអគ្គរដ្ឋទូតម្នាក់ប្រចាំតំបន់អាក់ទិក ដែលនេះបានឆ្លុះបញ្ចំងពីការកើនឡើងនៃសារៈសំខាន់ខាងយុទ្ធសាស្ត្រ និងពាណិជ្ជកម្ម នៅក្នុងតំបន់ទឹកកកមួយនេះ ខណៈការរលាយទឹកកកកំពុងបើកចំហរផ្លូវសមុទ្រថ្មី ព្រមទាំងធនធានប្រេង និងរ៉ែដ៏មហាសាល។ នេះបើតាមការ ដកស្រង់ចេញផ្សាយពីទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២៨ ខែសីហា ឆ្នាំ២០២២។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ចេញផ្សាយកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ ក្រសួងការបរទេសអាមេរិក បានគូសបញ្ជាក់ដូច្នេះថា «តំបន់អាក់ទិកមួយដែល ប្រកបដោយសន្តិភាព ស្ថិរភាព វិបុលភាព និងពោញពេញដោយកិច្ចសហប្រតិបត្តិការ គឺជាយុទ្ធសាស្ត្រគន្លឹះដ៏មានសារៈសំខាន់សម្រាប់សហរដ្ឋអាមេរិក»។ សេចក្ដីថ្លែងការណ៍៍នេះដដែល បន្ថែមទៀតថា «ក្នុងនាមជាប្រជាជាតិមួយ នៅក្នុងចំណោមប្រជាជាតិអាក់ទិកទាំង៨ សហរដ្ឋអាមេរិក បានប្ដេជ្ញាចិត្តជាយូរណាស់ មកហើយ ក្នុងការការពារផលប្រយោជន៍សន្តិសុខជាតិ និងសេដ្ឋកិច្ចរបស់យើងនៅក្នុងតំបន់ ក៏ដូចជាក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ និងពង្រឹង ការអភិវឌ្ឍ និងការវិនិយោគប្រកបដោយចីរភាព ព្រមទាំងលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយរដ្ឋក្នុងតំបន់អាក់ទិក សម្ព័ន្ធមិត្ត និងប្រទេសជាដៃគូ»។
គួរបញ្ជាក់ថា ប្រជាជាតិទាំង៨ ក្នុងតំបន់អាក់ទិក រួមមាន កាណាដា ដាណឺម៉ាក ហ្វាំងឡង់ អ៉ីស្លង់ ន័រវែស ស៊ុយអែត រុស្ស៉ី និងសហរដ្ឋអាមេរិក។ ដោយឡែក ការប្រកាសពីផែនការតែងតាំងអគ្គរដ្ឋទូតអាមេរិកប្រចាំតំបន់អាក់ទិក កើតមានឡើង បន្ទាប់ពីអគ្គលេខាធិការបក្សសម្ព័ន្ធយោធាណាតូ លោក ជែន ស្ដូលធិនបឺគ បាននិយាយកាលពីថ្ងៃសុក្រកន្លងទៅនេះ មួយថ្ងៃក្រោយបំពេញទស្សនកិច្ចនៅតំបន់អាក់ទិក ថារុស្ស៉ីមានសមត្ថភាពប្រជែងយុទ្ធសាស្ត្រជាមួយណាតូ ខណៈចិន ក៏កំពុងបង្កើនសកម្មភាពនៅក្នុងតំបន់មួយនេះផងដែរ៕