(យូអិន)៖ ប្រទេសរុស្ស៉ី កាលពីថ្ងៃសុក្រកន្លងទៅនេះ បានរារាំងការអនុម័តលើសេចក្ដីថ្លែងការណ៍រួមមួយស្ដីពីការរំសាយអាវុធនុយក្លេអ៊ែរ ក្រោយចូលរួម ក្នុងសន្និសីទ មានរយៈពេលជាង៤សប្ដាហ៍ រៀបចំឡើងដោយអង្គការសហប្រជាជាតិ។ នេះបើតាមការដកស្រង់ចេញផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៨ ខែសីហា ឆ្នាំ២០២២។
លោក អ៉ីហ្គ័រ វីសស្នេវ៉េតស្គី (Igor Vishnevetsky) ជាតំណាងភាគីរុស្ស៉ី បានអះអាងថាការសម្រេចចិត្តរបស់រុស្ស៉ីធ្វើឡើងដោយសារតែទីក្រុងមូស្គូ យល់ថា សេចក្ដីថ្លែងការណ៍រួម ដែលមានកម្រាស់ជាង ៣០ទំព័រខាងលើ មិនមានតុល្យភាព និងមានចេតនានយោបាយ។ លោក បានបញ្ជាក់ដូច្នេះថា «ប្រតិភូរបស់ យើងបានជំទាស់ទៅនឹងកថាខណ្ឌសំខាន់់ៗមួយចំនួន ដែលមានចេតនានយោបាយ»។ លោក វីសស្នេវ៉េតស្គី មិនបានលម្អិតព័ត៌មានអ្វីបន្ថែមនោះទេ ប៉ុន្តែ បើតាមប្រភពដែលស្និទ្ធនឹងកិច្ចចរចា រុស្ស៉ីបានប្រឆាំងជំទាស់ទៅនឹងកថាខណ្ឌ ដែលមាននិយាយពីរោងចក្រថាមពលនុយក្លេអ៊ែរអ៊ុយក្រែន ក្នុងទីក្រុង ហ្សាប៉ូរីសហ្ស៉ីយ៉ា (Zaporizhzhia) ដែលកំពុងគ្រប់គ្រងដោយទាហានរុស្ស៉ី ចាប់តាំងពីសង្រ្គាមផ្ទុះឡើងមក។
គួរបញ្ជាក់ថា សន្ធិសញ្ញាទប់ស្កាត់ការរីកសាយអាវុធនុយក្លេអ៊ែរ (NPT) ដែលមានប្រទេសចំនួន ១៩១ ជាហត្ថលេខី តែងតែត្រូវបានឆ្លងកាត់ការត្រួតពិនិត្យ ជារៀងរាល់ ៥ឆ្នាំម្ដង ក្នុងគោលបំណងទប់ស្កាត់ការរីកសាយអាវុធនុយក្លេអ៊ែរ លើកកម្ពស់ការរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុង និងកិច្ចសហប្រតិបត្តិការ លើការប្រើថាមពលនុយក្លេអ៊ែរប្រកបដោយសន្តិភាព។
បណ្ដាប្រទេសជាច្រើន បានចូលរួមក្នុងសន្និសីទស្ដីពីការរំសាយអាវុធនុយក្លេអ៊ែរ នៅឯទីស្នាក់ការអង្គការសហប្រជាជាតិ ប្រចាំទីក្រុងញូយ៉ក ចាប់ តាំងពី ថ្ងៃទី១ ខែសីហាមកម្ល៉េះ៕