(ញូដេលី)៖ នាថ្ងៃសៅរ៍នេះ លោក អ៊ូដេ អ៊ូម៉េស ឡាលីត (Uday Umesh Lalit) ត្រូវបានតែងតាំងជាប្រមុខចៅក្រមថ្មី នៃតុលាការកំពូលរបស់ប្រទេសឥណ្ឌា ប៉ុន្តែលោកនឹងអាចកាន់មុខតំណែងនេះ បានត្រឹមតែ៧៤ថ្ងៃប៉ុណ្ណោះ មុនពេលដល់អាយុចូលនិវត្តន៍ នៅខែវិច្ឆិកាខាងមុខ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៧ ខែសីហា ឆ្នាំ២០២២។
នៅក្រោមរដ្ឋធម្មនុញ្ញឥណ្ឌា ចៅក្រមនៃតុលាការកំពូល គឺតម្រូវឱ្យចូលនិវត្តន៍នៅត្រឹមអាយុ៦៥ឆ្នាំ។ លោក ឡាលីត ដែលត្រូវបានតែងតាំងជាប្រមុខចៅក្រមទី៤៩ នៃតុលាការកំពូលឥណ្ឌា គឺនឹងឈានដល់វ័យ៦៥ឆ្នាំ នៅថ្ងៃទី៩ ខែវិច្ឆិកា ខាងមុខ។ តំណែងនេះ ត្រូវតែងតាំងដោយប្រធានាធិបតីឥណ្ឌា និងផ្អែកទៅលើចៅក្រមតុលាការកំពូលរូបណា ដែលកាន់តំណែងបានយូរជាងគេ។ តុលាការកំពូលរបស់ឥណ្ឌា អាចមានចៅក្រមច្រើនបំផុតសរុប ៣៤នាក់ ខណៈបច្ចុប្បន្នតំណែងចៅក្រមចំនួន៤កន្លែង កំពុងនៅទំនេរ។
គួរបញ្ជាក់ថា យោងតាមទិន្នន័យប៉ាន់ស្មាន សំណុំរឿងប្រហែល៤៥លាននាក់ កំពុងស្ថិតក្រោមការរង់ចាំជំនុំជម្រះ នៅតាមតុលាការទូទាំង ប្រទេសឥណ្ឌា។ ភាពយឺតយ៉ាវនេះជាចម្បង គឺព្រោះតែបញ្ហាខ្វះខាតចៅក្រម ដោយតំណែងចៅក្រមប្រមាណ ៥,០០០កន្លែង គឺនៅទំនេរ នៅឯតុលាការជាន់ទាប ខណៈនៅតុលាការជាន់ខ្ពស់ មានតំណែងចៅក្រមនៅទំនេរ ខ្ទង់៤០០កន្លែង៕