(អ៉ីស្លាម៉ាបាដ)៖ កាលពីថ្ងៃសុក្រសប្តាហ៍នេះ ប៉ាគីស្ថានបានសម្រេចប្រកាសអាសន្នថ្នាក់ជាតិ ក្រោយពីគ្រោះទឹកជំនន់ដ៏អាក្រក់ៗបំផុត បានផ្តាច់ជីវិតមនុស្សកើនដល់ជិត ១,០០០នាក់ ដោយក្នុងនោះមួយភាគបីគឺជាកុមារ ហើយបន្សល់ទុកឱ្យប្រជាជនជាង៣០លាននាក់ទៀត បាត់បង់ទីជម្រក ខណៈដែលភ្លៀងធ្លាក់ខ្លាំងរដូវមូសុង កំពុងបន្តវាយលុកលើ ប្រទេសអាស៉ីខាងត្បូងមួយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Aljazeera នៅថ្ងៃសៅរ៍ ទី២៧ ខែសីហា ឆ្នាំ២០២២។
អាជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្តរាយរបស់ប៉ាគីស្ថាន បានឱ្យដឹងថា គិតចាប់តាំងតែពីពាក់កណ្តាលខែមិថុនា រហូតមកទល់នឹងពេលនេះ មនុស្សយ៉ាងហោចចំនួន ៩៣៧នាក់ បានបាត់បង់ជីវិត ក្នុងនោះមានកុមារ៣៤៣នាក់។ ស្រុកជាង១០០ នៅទូទាំងខេត្តចំនួន៤ រួមមាន បាឡូជីស្ថាន (Balochistan), សីន (Sindh), ពូនចាប (Punjab) និងឃីបឺ ប៉ាកទូនក្វា (Khyber Pakhtunkhwa) បានទទួលរងការវាយប្រហារ ដោយគ្រោះទឹកជំនន់។
គួរបញ្ជាក់ថា ឃ្លីបវីដេអូដែលត្រូវបានចែកចាយពាសពេញបណ្តាញសង្គម បង្ហាញឱ្យឃើញផ្លូវថ្នល់ ស្ពាន និងអគារ នៅក្នុងប្រទេសប៉ាគីស្ថាន រងការជន់លិចនិងបំផ្លិចបំផ្លាញ ដោយសារបំណាក់ដីនិងទឹកហូរជន់ជោរយ៉ាងខ្លាំង ក្នុងពេលតែប៉ុន្មានវិនាទីប៉ុណ្ណោះ។ លំនៅឋានប្រហែល ២២០,០០០ខ្នង ត្រូវបានបំផ្លាញខ្ទេចខ្ទីទាំងស្រុង ខណៈជាងកន្លះលានខ្នងទៀត បានរងការខូចខាត។ ចំណែកនៅខេត្ត Sindh តែឯងវិញ គឺផ្ទៃដីដំណាំទំហំជិត១លានហិកតា ត្រូវបានទឹកជន់លិច។ ចំពោះមុខគ្រោះមហន្តរាយធម្មជាតិដ៏អាក្រក់នេះ នាយករដ្ឋមន្រ្តីប៉ាគីស្ថាន លោក សេបាស សារីហ្វ (Shehbaz Sharif) ក៏បានដង្ហោយសុំជំនួយពីប្រទេសជាមិត្ត ក៏ដូចជាអង្គការអន្តរជាតិនានាផងដែរ៕