(អង់ការ៉ា)៖ រដ្ឋមន្រ្តីហិរញ្ញវត្ថុនៃប្រទេសតួកគី កាលពីថ្ងៃសុក្រសប្តាហ៍នេះ បានចេញមុខធានាថា ក្រុមហ៊ុនតួកគីនានាមិនមានអ្វីត្រូវបារម្ភទេ ជុំវិញការព្រមានដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ពាក់ព័ន្ធទៅនឹងការធ្វើទំនាក់ទំនងជាមួយក្រុមហ៊ុនរុស្ស៉ី ដែលជាប់ទណ្ឌកម្ម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Aljazeera នៅថ្ងៃសៅរ៍ ទី២៧ ខែសីហា ឆ្នាំ២០២២។
សមាគមឧស្សាហកម្មនិងអាជីវកម្មរបស់តួកគី បានបញ្ជាក់ក្នុងសប្តាហ៍នេះថា ខ្លួនទទួលបានលិខិតមួយច្បាប់ពី អនុរដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិក លោក វ៉ាលី អាដេយេម៉ូ (Wally Adeyemo) ដែលព្រមានថា ក្រុមហ៊ុនតួកគីទាំងឡាយអាចនឹងប្រឈមផលវិបាក ប្រសិនបើពួកគេធ្វើទំនាក់ទំនងជាមួយ ជនជាតិរុស្ស៉ីឬក្រុមហ៊ុនរុស្ស៉ី ដែលស្ថិតក្រោមទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។
រដ្ឋមន្រ្តីហិរញ្ញវត្ថុតួកគី លោក នូរេដឌីន ណេបាទី (Nureddin Nebati) បានលើកឡើងយ៉ាងដូច្នេះថា «វាជារឿងគ្មានន័យអ្វីនោះឡើយ សម្រាប់ឱ្យលិខិតមួយច្បាប់ ផ្ញើមកកាន់សមាគមក្រុមហ៊ុនតួកគី បង្កើតជាក្តីកខ្វល់បែបនេះ។ តួកគីគឺជាមជ្ឈមណ្ឌលនៃអំណាចនយោបាយ និងសេដ្ឋកិច្ចដ៏សំខាន់បំផុតមួយរបស់ពិភពលោក ដូច្នេះហើយពិភពធុរកិច្ចរបស់យើង គួរតែមានការជឿជាក់ចំពោះអំណាចរបស់ប្រទេសយើង គ្រប់ពេលវេលា»។
គួរបញ្ជាក់ថា តួកគីដែលជាសមាជិករបស់អង្គការណាតូ (NATO) បានព្យាយាមស្វែងរកជំហរតុល្យភាពមួយ រវាងទីក្រុងមូស្គូនិងទីក្រុងកៀវ តាមរយៈការប្រើសម្តីរិះគន់ចំពោះ ការឈ្លានពានរបស់រុស្ស៉ី និងបញ្ជូនអាវុធឱ្យអ៊ុយក្រែន ក៏ប៉ុន្តែក្នុងពេលទន្ទឹមគ្នា ចេញមុខប្រឆាំងការដាក់ទណ្ឌកម្មរបស់ក្រុមលោកខាងលិច ហើយបន្តការធ្វើពាណិជ្ជកម្ម ទេសចរណ៍ និងវិនិយោគ ជាមួយទីក្រុងមូស្គូ៕