(ភ្នំពេញ)៖ ដើម្បីអបអរសាទរចំពោះទេពកោសល្យធ្វើម្ហូបគ្មានទីបញ្ចប់ និងចំណង់ចំណូលចិត្តសម្រាប់ម្ហូបអាហារក្នុងតំបន់ សារព័ត៌មាន CNN បានជ្រើសរើសមុខម្ហូប និងភេសជ្ជៈតាមចិញ្ចើមផ្លូវ ដែលគួរសាកល្បងចំនួន៥០មុខនៅក្នុងទ្វីបអាស៊ី។
ក្នុងចំណោអាហារដែលបានជាប់ជម្រើសក្នុងតារាង អាហារតាមផ្លូវល្អបំផុត៥០មុខខាងលើនេះ គឺមានអាហារខ្មែរមួយមុខផងដែរ គឺលតឆា (Lort cha)។ ចំណែកប្រទេសជិតខាងយើងវៀតណាមជាប់ជម្រើស ៣មុខ គឺកាហ្វេទឹកកក នំបុ័ងសាច់ និងហ្វើ ខណៈអាហារថៃក៏ជាប់បីមុខដែរ នោះគឺពងទាក្រឡុកសាច់ក្តាម ស៊ុបមីបំពង និងសាច់ក្រក។
ដោយឡែកអាហារឡាវក៏គេឃើញជាប់ជម្រើស២មុខផងដែរ គឺបាយដំណើបអាំង និងញាំណែម។ អាហាររបស់ប្រទេសអាស៊ានដ៏ទៃទៀតដូចជាម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន សិង្ហបុរី និងមីយ៉ាន់ម៉ាក៏គេឃើញមានក្នុងចំណោមអាហារតាមផ្លូវដ៏ល្អបំផុតទាំង ៥០មុខប្រចាំអាស៊ីផងដែរ៕