(ប៉េកាំង)៖ សហរដ្ឋអាមេរិក បានបន្តបញ្ជួនសមាជិកសភារបស់ខ្លួនធ្វើដំណើរមកកាន់កោះតៃវ៉ាន់បន្ថែមទៀត ខណៈដែលឃើញប្រទេសចិនបានខឹងច្រឡោត ចំពោះដំណើរទស្សនកិច្ចរបស់ក្រុមធ្វើច្បាប់អាមេរិក។ សមាជិកព្រឹទ្ធសភាអាមេរិក លោកស្រី Marsha Blackburn នៃរដ្ឋ Tennessee នៃគណបក្សសាធារណរដ្ឋ បានធ្វើទស្សនកិច្ចកោះតៃវ៉ាន់ តាំងពីវេលាយប់ថ្ងៃព្រហស្បតិ៍ និងដំណើរទស្សនកិច្ចនេះនឹងបញ្ចប់នៅថ្ងៃសៅរ៍។
លោកស្រី Marsha Blackburn គឺជាប្រធានគណៈកម្មាធិការបំរើកិច្ចការអាវុធ និងពាណិជ្ជកម្មនៃស្ថាប័នព្រឹទ្ធសភាអាមេរិក។ មន្ត្រីចិន តៃវ៉ាន់ បានថ្លែងថា ដំណើររបស់លោកស្រី Marsha Blackburn គឺការពិនិត្យសាឡើងវិញនូវទំនាក់ទំនងពាណិជ្ជកម្ម, សេដ្ឋកិច្ច និងសន្តិសុខរវាងតៃវ៉ាន់ និងសហរដ្ឋអាមេរិក។ ប៉ុន្តែ ទស្សនកិច្ចនេះត្រូវគេជឿថា មានគោលបំណងលើសពីនេះ នោះគឺការចង់ពន្យុះចិនឱ្យកាន់តែមានកំហឹង ខណៈដែលសហរដ្ឋអាមេរិកគិតថាចិនមិនទាន់ មានសមត្ថភាពយោធាអាចស្មើនឹងសហរដ្ឋអាមេរិកបានឡើយ ប្រសិនមានសង្គ្រាមផ្ទុះឡើងនោះមែន។
ដំណើរទស្សនកិច្ចរបស់សភាអាមេរិកក្នុងខែសីហា ឆ្នាំ២០២២នេះ គឺជាដំណើរទស្សនកិច្ចលើកទី៣ហើយ បន្ទាប់ពីដំណើររបស់លោកស្រី ណានស៊ី ប៉េឡូស៊ី រយៈពេល១៨ម៉ោងកាលពីដើមខែសីហា, ដំណើររបស់សមាជិកសភាអាមេរិក៥រូបដឹកនាំដោយលោក Ed Markey រយៈពេល ២០ម៉ោងក្នុងពាក់កណ្តាល ខែសីហា និងដំណើរទស្សនកិច្ចនាចុងខែសីហានេះដោយ លោកស្រី Marsha Blackburn។
លោកស្រី Marsha Blackburn បានថ្លែងចាត់ទុកតៃវ៉ាន់ គឺជាដៃគូខ្លាំងបំផុតរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ លោកស្រីបានបន្តថាលោកស្រី ពុំខ្លាចចំពោះការព្រមានពីប្រទេសចិនឡើយ ហើយលោកស្រី ក៏មិនបែរខ្នងទុកចោលកោះតៃវ៉ាន់នោះដែរ។ ដំណើរទស្សនកិច្ចរបស់ក្រុមសភាអាមេរិកតែងដុត កំដៅស្ថានភាពដែលស្ងប់ស្ងាត់ឱ្យស្ថិតក្នុងភាពតានតឹងគួរឱ្យព្រួយបារម្ភ។ ដំណើរទស្សនកិច្ចរបស់ក្រុមសភាអាមេរិកទាំង២លើករួចមកនេះ បានធ្វើឱ្យកងកម្លាំង រំដោះប្រជាជនចិនធ្វើសមយុទ្ធប្រឆាំង ប៉ុន្តែសមយុទ្ធនោះមិនបានធ្វើឱ្យសហរដ្ឋអាមេរិក បារម្ភគ្រោះថ្នាក់កើតឡើងនោះទេ។
ក្រោយភាពស្ងប់នៃសមយុទ្ធ, សហរដ្ឋអាមេរិកបន្តបញ្ជួនមន្ត្រីជាន់ខ្ពស់របស់ខ្លួននិងក្រុមសមាជិកសភាមកតៃវ៉ាន់ជាដដែល។ កងទ័ពរំដោះប្រជាជនចិនបើទោះជា បានបញ្ឈប់ការធ្វើសមយុទ្ធយោធាក្នុងទ្រង់ទ្រាយធំហ៊ុព័ទ្ធកោះតៃវ៉ាន់មែនក្តី ប៉ុន្តែបានបន្តការធ្វើសមយុទ្ធជាប្រចាំរបស់ខ្លួនជាដដែលក្នុងការអះអាងថាដើម្បី ការពារដែនអធិបតេយ្យភាពជាតិចិន។ មន្ត្រីនាំពាក្យស្ថានទូតចិនប្រចាំសហរដ្ឋអាមេរិកលោក Liu Pengyu បានហៅដំណើរទស្សនកិច្ចរបស់ក្រុមសភាអាមេរិក ទៅកាន់កោះតៃវ៉ាន់ គឺជាអំពើបង្កហេតុ និងថាចិននឹងចាត់វិធានការណ៍ប្រឆាំងតបតវិញយ៉ាងម៉ឺងម៉ាត់ ប៉ុន្តែមិនបានបញ្ជាក់ថាតើចំណាត់ការនោះគឺជាអ្វីខ្លះ នោះទេ។
មេដឹកនាំតៃវ៉ាន់ លោកស្រី សៃ អ៊ឹងវិន ក្នុងពេលជួបជាមួយនឹងលោកស្រី Marsha Blackburn នៅថ្ងៃសុក្រទី២៦ ខែសីហា បានថ្លែងចាត់ទុកដំណើររបស់ លោកស្រីសមាជិកព្រឹទ្ធសភាអាមេរិកនេះ គឺជាការពង្រឹងភាពប្តេជ្ញាចិត្តរបស់តៃវ៉ាន់ដើម្បីការការពារខ្លួនប្រឆាំងនឹងប្រទេសចិន។ ការបញ្ជួនដំណើររបស់ក្រុម សភាអាមេរិកមកកោះតៃវ៉ាន់ជាហូរហែរមកនេះ គឺនៅបន្ទាប់ពីការវាយតម្លៃរបស់ក្រសួងការពារជាតិអាមេរិក និយាយថាក្នុងរយៈពេល ៤ឆ្នាំទៅមុខទៀតនេះចិន នឹងមិនទាន់ហ៊ានប្រើកម្លាំងបាយប្រឈមជាមួយនឹងសហរដ្ឋអាមេរិក ទេ។
អតីតប្រធានបញ្ជាការដ្ឋានអាមេរិកប្រចាំឥណ្ឌូប៉ាស៊ីហ្វិក គឺឧត្តមនាវី Philip Davidson បានវាយរម្លៃថារហូតដល់ឆ្នាំ២០២៦ឯនោះ ទើបសមត្ថភាពរបស់ កងទ័ពចិនអាចប្រៀបផ្ទឹមនឹងសមត្ថភាពរបស់កងកម្លាំងអាមេរិក និងអាចប្រៀបស្មើនឹងកម្លាំងកងទ័ពអាមេរិកក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ នៅជាមួយគ្នា សហរដ្ឋអាមេរិក ក៏បានជួយពង្រឹងសមត្ថភាពយោធា កោះតៃវ៉ាន់ផងដែរក្នុងរយៈពេល ៤ឆ្នាំទៅមុខទៀតនេះ។ កាសែត The South China Morning Post បានរាយការណ៍ក្នុងខែសីហានេះថាកិច្ចសន្យាដែលមានតម្លៃ ៨៣លានដុល្លារអាមេរិក ដែលចុះហត្ថលេខាដោយមន្ត្រីយោធាតៃវ៉ាន់ និងវិទ្យាស្ថានអាមេរិក លើកោះតៃវ៉ាន់នោះ នឹងតម្រូវឱ្យមន្ត្រីអាមេរិកជួយកែលំអលើដំណើរការប្រព័ន្ធ Battery នៃមីស៊ីល Patriot សម្រាប់រយៈពេល៤ឆ្នាំកន្លះ ដែលតៃវ៉ាន់បានទិញពី សហរដ្ឋអាមេរិក និងរហូតដល់ពេលនោះ សមត្ថភាពយោធារបស់កោះតៃវ៉ាន់ត្រូវគេជឿថា នឹងកាន់តែឡើងខ្ពស់។
កម្មវិធីបង្កើនសមត្ថភាពប្រព័ន្ធអាវុធមីស៊ីលចិនតៃវ់ាន់រយៈពេល ៤ឆ្នាំកន្លះនោះ បានចាប់ផ្តើមរវាងពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២៦។ កាសែតចិនបន្តថា ក្នុងកិច្ចសន្យានោះ កោះតៃវ៉ាន់នឹងបង្កើនសមត្ថភាពប្រព័ន្ធអាវុធមីស៊ីល Patriot កម្រិត 2pac-2 ទាំងអស់ឱ្យក្លាយជាប្រព័ន្ធមីស៊ីល Guided Enhancement Pac-3 ដែលជាប្រព័ន្ធកម្រិតខ្ពស់ អាចបាញ់មីស៊ីលក្នុងកម្រិតឆ្ងាយបាន។ ប្រព័ន្ធមីស៊ីល Guided Enhancement Pac-3 មាន ២ប្រភេទ ដែលសមត្ថភាពរបស់វាមិនត្រឹម តែបាញ់ក្នុងរយៈចម្ងាយឆ្ងាយប៉ុណ្ណោះទេ, ប៉ុន្តែ នឹងអាចស្ទាក់ចាប់គ្រាប់មីស៊ីលបាលីស្ទីករបស់សត្រូវថែមទៀត ក្នុងចម្ងាយ ៦០០គីឡូម៉ែត្រ។
ដំណើរទស្សនកិច្ចក្រុមសភាអាមេរិកនេះ ត្រូវគេរំពឹងថានឹងមិនអាចបញ្ចប់ត្រឹមតៃដំណើររបស់លោកស្រីសមាជិកព្រឹទ្ធសភា Marsha Blackburn ឡើយ ដោយសារតែសហរដ្ឋអាមរិក ជឿលើការវាយតម្លៃថាប្រទេសចិនក្នុងរយៈពេល ៤ឆ្នាំទៅមុខទៀតនេះនឹងមិនហ៊ាន ធ្វើអ្វីដាក់ទៅលើសហរដ្ឋអាមេរិកដែលសន្យា ជួយផ្នែកយោធាដល់កោះតៃវ៉ាន់ឡើយ៕