(កៀវ)៖ ប្រទេសអ៊ុយក្រែន បានប្រកាសការប្រុងប្រយ័ត្នសុវត្ថិភាព ខណៈដែលរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia plant បានរងការផ្តាច់ចរន្ត អគ្គីសនីជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ខណៈការបាញ់ផ្លោងដាក់គ្នាក្បែរនោះនៅតែបន្ត។ រោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia plant នៅមុនដែល សង្គ្រាមកើតឡើង បានផ្តល់ថាមពលប្រមាណ ២០ភាគរយនៃសេចក្តីត្រូវការថាមពលរបស់ប្រជាជនអ៊ុយក្រែនត្រូវការ។
ប៉ុន្តែ នៅថ្ងៃព្រហស្បតិ៍ ទី២៥សីហា រោងចក្រនោះ លែងបានផ្តល់ថាមពលដល់ពលរដ្ឋអ៊ុយក្រែនដូចមុនទៀតហើយ។ ម៉ាស៊ីនរ៉េអាក់ទ័រទាំង៦ ក្នុងរោងចក្រ ត្រូវបានដាច់ដំណើរការទាំងស្រុង ដែលការដាច់ថាមពលទាំងអស់នោះហើយ គឺជាសញ្ញានៃការកាន់តែស្ថិតកៀកមហន្តរាយគ្រោះថ្នាក់សាយភាយជាតិ វិទ្យុសកម្ម។ រូបភាពដែលថតបាននៅទីនោះ បានបង្ហាញនូវផ្សែងអាប់អួរពាសពេញដែលអាជ្ញាធរបញ្ជាក់ ថាគឺបណ្តាលមកពីអគ្គីភ័យ។ អ៊ុយក្រែនបានចោទថា ហេតុការណ៍ដែលកើតឡើងនេះ គឺបណ្តាលមកពីរុស្ស៊ី, ចំណែក រុស្ស៊ីបានបដិសេធនិងចោទមកវិញថាគឺជាការបង្កហេតុរបស់អ៊ុយក្រែន។ តំបន់រោងចក្រនុយ ក្លេអ៊ែរ Zaporizhzhia ត្រូវបានរុស្ស៊ីបានចូលគ្រប់គ្រងតាំងពីខែមីនាឆ្នាំ២០២២ ប៉ុន្តែបុគ្គលិក ធ្វើការក្នុងរោងចក្រនោះ គឺជាបុគ្គលិកជាតិអ៊ុយក្រែន។
មេដឹកនាំអ៊ុយក្រែនលោក ហ្សេលេនស្គី បានថ្លែងថាម៉ាស៊ីនភ្លើងក្នុងរោងចក្រដែលបំរុងទុកនោះ អាចនាំមកនូវចរន្តឋាមពលអគ្គីសនីតាមខ្សែ ប៉ុន្តែលោកថា រុស្ស៊ី បានបង្ខំធ្វើឱ្យអ៊ុយក្រែន និងប្រជាជនអឺរ៉ុបទាំងអស់បានស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ស្ថិតនៅក្បែរនឹងវិនាសកម្មជាតិវិទ្យុសកម្មនុយក្លេអ៊ែរ»។ ក្រុមជំនាញ ផ្នែកថាមពលអាតូមិក បានថ្លែងថាគេត្រូវតែប្រញាប់ដើម្បីចូលពិនិត្យស្ថានការណ៍ ក្នុងរោងចក្រនោះឱ្យបានលឿនដើម្បីបញ្ចៀសគ្រោះថ្នាក់នៃវិនាសកម្ម។
«មន្ត្រីជំនាញថាមពលអាតូមិក លោក Scott Roecker ដែលជាអនុប្រធានកម្មវិធីសន្តិសុខនុយក្លេអ៊ែរពិភពលោក NMS បានថ្លែងថាប្រសិនបើគេមិនធ្វើឱ្យមាន ភាពត្រជាក់សកម្មជាមួយនឹងទឹកដែលត្រូវបានចរាចរទៅក្នុងបរិក្ខារទាំងនោះទេ នោះអ្នកនឹងប្រឈមនឹងហានិភ័យនៃការរលាយរបស់រ៉េអាក់ទ័រដែលវានឹង បង្កើតឱ្យមានផ្ទុះណាមួយឡើង ហើយការផ្ទុះនោះនឹងបង្កការសាយភាយនូវចំហាយជាតិវិទ្យុសកម្មចូលទៅក្នុងស្រទាប់លំហអាកាស»។
ជាមួយនឹងក្តីបារម្ភរបស់ក្រុមអ្នកវិទ្យាសាស្ត្រនេះ, នៅក្បែរតំបន់នោះអំពើបាញ់ផ្លោងត្រូវគេរាយការណ៍ថានៅតែបន្ត។ លោក Joe Cirincione មន្ត្រីជំនាញ សន្តិសុខជាតិ បានថ្លែងថានេះគឺជាគ្រោះមហន្តរាយកើតឡើងដែលគេត្រូវដឹងថា ពេលនេះទឹកបាននឹងកំពុងតែកើនកម្តៅឡើងបន្តិចម្តងៗ ហើយវាមិនត្រូវការ ពេលវេលាយូរក្នុងការធ្វើឱ្យស្ថានភាពនេះនឹងក្លាយជាវិនាសកម្មនុយក្លេអ៊ែរដ៏ធំពេញលេញនោះឡើយ។
រោងចក្រប្រើប្រាស់ឋាមពលនុយក្លេអ៊ែរ គឺជារោងចក្រដែលប្រើប្រាស់ឥន្ធនៈអ៊ុយរ៉ាញ៉ូម ដើម្បីបង្កើតចំហាយទឹកសម្រាប់ផលិតអគ្គីសនី។ ដំណើរការនេះបាន ផ្លាស់ប្តូរអ៊ុយរ៉ានីញ៉ូមទៅ ជាសារធាតុវិទ្យុសកម្មផ្សេងៗ។ ប្រសិនណាបើមានហេតុការណ៍ផ្ទុះរោងចក្រនេះកើតឡើង, កម្តៅនិងសម្ពាធរបស់វានឹងកើនឡើង និងចំហាយទឹកជាមួយនឹងសារធាតុវិទ្យុសកម្មបានសាយភាយចេញ និងឧស្ម័ន នោះហើយដែលបង្កជាគ្រោះថ្នាក់ដល់សុខភាពនៃជីវិតមនុស្ស។
ប្រសិនណាបើរោងចក្រឋាមពលនុយក្លេអ៊ែរនោះ ត្រូវបានផ្ទុះឆេះនោះមែន, ក្រុមអ្នកវិទ្យាសាស្ត្របានថ្លែងថា វិនាសកម្មរបស់វានឹងធំជាងវិនាសកម្មធ្លាប់កើត ឡើងនៅរោងចក្រ Chernobyl និងនៅ Fukushima ថែមទៀត។ អង្គការសហប្រជាជាតិ បានជម្រុញរកការបញ្ជួនក្រុមអ្នកជំនាញថាមពលអាតូមិកអន្តរជាតិ (IAEA) ចូលទៅកាន់តំបន់នោះផងដែរ ប៉ុន្តែទាំងរុស្ស៊ី និងប្រទេសអ៊ុយក្រែនសុទ្ធតែបានដាក់លក្ខខណ្ឌរៀងៗខ្លួន ដែលធ្វើឱ្យក្រុមជំនាញនៅមិនទាន់អាច ចូលទៅពិនិត្យរោងចក្រនុយក្លេអ៊ែរនោះបានឡើយ។
អគ្គលេខាធិការអង្គការសហប្រជាជាតិ UN លោក អាន់តូនីញ៉ូ ហ្គូទែរ៉េស បានថ្លែងព្រមានថាសញ្ញាអាសន្នបានកើតឡើងហើយ។ ប្រមុខ UN រូបនេះបានស្នើ ជំរុញឱ្យការក្រុមត្រួតពិនិត្យត្រូវប្រញាប់ចូលទៅកាន់ទីនោះដើម្បីបញ្ចៀសគ្រោះមហន្តរាយដល់ជីវិតមនុស្ស។ នៅជាមួយគ្នានោះផងទៀត ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន កាលពីថ្ងៃទី២៥ ខែសីហា បានធ្វើប្រតិកម្មដំណាលគ្នាផងដែរដោយលោកបានទូរស័ព្ទទៅកាន់មេដឹកនាំអ៊ុយក្រែន លោក ហ្សេលេនស្គី។ មេដឹកនាំអ៊ុយក្រែន និងមេដឹកនាំអាមេរិក បានអំពាវនាវឱ្យមានការប្រគល់រោងចក្រថាមពលនុយក្លេអ៊ែរនេះមកឱ្យអ៊ុយក្រែន គ្រប់គ្រង វិញ និងត្រូវប្រញាប់ឱ្យក្រុមជំនាញថាមពលអាតូមិក (IAEA) ចូលទៅកាន់រោងចក្រនោះ។
កាលពីចុងសប្តាហ៍នេះ ក្នុងជំនួបតាមទូរស័ព្ទមួយរវាងមេដឹកនាំរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ជាមួយនឹងមេដឹកនាំបារាំង លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីរុស្ស៊ី បានបញ្ជាក់ការយល់ព្រមនឹងអនុញ្ញាតឱ្យក្រុមជំនាញថាមពលអាតូមិកអង្គការសហប្រជាជាតិចូលទៅកាន់រោងចក្រថាមពលនុយក្លែអ៊ែរ នោះហើយ។ ប្រធានថាមពលអាតូមិក IAEA របស់អង្គការសហប្រជាជាតិ លោក Rafael Grossi បានថ្លែងកាលពីថ្ងៃទី២៥ ខែសីហាថាលោកគ្រោងនឹងធ្វើ ទស្សនកិច្ចក្នុងតំបន់រោងចក្រនោះ។
លោក Rafael Grossi បានថ្លែងថាពេលនេះមានការទទួលស្គាល់ជាទូទៅចំពោះហេតុការណ៍ដ៏គួរឱ្យគ្រោះថ្នាក់នោះមែន ដែលគេចាំបាច់ត្រូវតែធ្វើដំណើរទៅ និងចាំបាច់ត្រូវទៅភ្លាមគ្រាដែលអ៊ុយក្រែនបានយល់ព្រម ចំណែករុស្ស៊ីក៏បានយល់ព្រមផងដែរ។ លោកបន្តថាគេត្រូវតែទៅ ហើយរំពឹងថានឹងទៅដល់ទីនោះ ក្នុងពេលឆាប់បំផុត។ បណ្តាមេដឹកនាំពិភពលោក និងមេដឹកនាំអង្គការសហប្រជាជាតិ បានអំពាវនាវសូមឱ្យមានការបង្កើតតំបន់រោងចក្រថាមពលនុយក្លេអ៊ែរ និងតំបន់ដែលនៅព័ទ្ធជុំវិញនៅទីនោះ ជាតំបន់គ្មានយោធាដើម្បីការបញ្ចៀសនូវគ្រោះថ្នាក់មហន្តរាយនុយក្លែអ៊ែរ ប៉ុន្តែប្រទេសរុស្ស៊ីមិនបានយល់ព្រមឡើយ៕