(កៀវ)៖ ទីក្រុងកៀវដែលជារដ្ឋធានីនៃប្រទេសអ៊ុយក្រែន កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ គឺ១ថ្ងៃក្រោយខួបឯករាជ្យជាតិរបស់អ៊ុយក្រែន បានប្តូរឈ្មោះដងវិថីសរុបចំនួន៩៥កន្លែង ដែលជាផ្នែកនៃយុទ្ធនាការរបស់ប្រទេសអឺរ៉ុបខាងកើតមួយនេះ ដើម្បីលុបបំបាត់ចោលទីកន្លែង ដែលមានឈ្មោះជាប់ពាក់ព័ន្ធទៅនឹង រុស្ស៉ីនិងសហភាពសូវៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៦ ខែសីហា ឆ្នាំ២០២២។
អភិបាលទីក្រុងកៀវ លោក វីតាលី ឃ្លីតឆ្កូ (Vitaliy Klitschko) បានលើកឡើងថា «ឈ្មោះថ្មីនៃវិថីទាំងនេះ គឺគួរតែរក្សានូវការចងចាំ នៃព្រឹត្តិការណ៍ប្រវត្តិសាស្រ្តសំខាន់ៗរបស់អ៊ុយក្រែន ព្រមទាំងបុគ្គលក៏ដូចជាវីរបុរសល្បីៗ ដែលបានខិតខំលើកតម្កើងអ៊ុយក្រែន និងបានប្រយុទ្ធតស៊ូ ដើម្បីឯករាជ្យភាពនៃប្រទេសជាតិរបស់យើង»។ លោកអភិបាលក្រុងបានបន្ថែមថា ដំណើរការប្តូរឈ្មោះ គឺនៅតទៀតមិនទាន់ចប់ត្រឹមនេះទេ ហើយលោកសន្យាថា នឹងបន្តពន្លឿនវាឱ្យបានកាន់តែឆាប់។
គួរបញ្ជាក់ថា ក្នុងចំណោមដងវិថីជិត១០០កន្លែងនោះ ក៏មានវិថី១ ត្រូវបានប្តូរទៅជា វិថីឡុងដ៍ ជាឈ្មោះរាជធានីនៃសម្ព័ន្ធមិត្តដ៏រឹងមាំបំផុតមួយ របស់អ៊ុយក្រែន គឺចក្រភពអង់គ្លេសផងដែរ។ ចាប់តាំងតែពីការឈ្លានពានរបស់រុស្ស៉ី កាលពីខែកុម្ភៈមក អ៊ុយក្រែនបើកនូវយុទ្ធនាការ ដែលមានគោលដៅបោសសម្អាតចោលនូវ មរតករាប់រយឆ្នាំនៃគ្រប់គ្រងរបស់រុស្ស៉ីមកលើប្រទេសខ្លួន៕