(សៀងហៃ)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានរាយការណ៍ថា កងកម្លាំងប្រដាប់អាវុធចិន បានចាប់ផ្តើមធ្វើសមយុទ្ធបាញ់គ្រាប់ពិត នៅថ្ងៃសុក្រនេះ ក្នុងដែនទឹកក្បែរខេត្ត ហ្វូជៀន (Fujian) ភាគខាងកើតប្រទេសចិន ដែលទល់មុខនឹងកោះតៃវ៉ាន់។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានរុស្ស៉ី TASS នៅថ្ងៃសុក្រ ទី២៦ ខែសីហា ឆ្នាំ២០២២។
ទូរទស្សន៍ចិន CCTV បានរាយការណ៍បន្ថែថា ដែនទឹកនៃកោះ ម៊ុយយូ (Muyu) ក្បែរទីក្រុង ហ៊្វូឈីង (Fuqing) ត្រូវបានចង្អុលបង្ហាញថា ជាទីតាំងធ្វើសមយុទ្ធខាងលើនេះ។ ប៉ុន្តែសមាសភាពនៃកងម្លាំង និងមធ្យោបាយពាក់ព័ន្ធ មិនត្រូវបានបង្ហើបឲ្យដឹងនោះទេ ខណៈចំណុចទីតាំងសម្រាប់សមយុទ្ធ អាចរកមើលបាននៅលើគេហទំព័រ របស់រដ្ឋបាលសុវត្ថិភាពដែនសមុទ្រនៃតំបន់ពូធៀន (Putian)។ សមយុទ្ធបាញ់គ្រាប់ពិតនេះ នឹងបន្តរហូតដល់ថ្ងៃសៅរ៍សប្តាហ៍នេះ។
គួរបញ្ជាក់ថា ចិនបានរៀបចំធ្វើសមយុទ្ធយោធាជាបន្តបន្ទាប់ នៅតាមបណ្តោយឆ្នេររបស់ខ្លួន ចាប់តាំងពីដើមខែសីហា មក ចំពេលមានភាពតានតឹងកាន់តែខ្លាំង នៅឯច្រកសមុទ្រតៃវ៉ាន់ ក្រោយដំណើរទស្សនកិច្ចរបស់ ប្រធានសភាតំណាងរាស្រ្តសហរដ្ឋអាមេរិក លោកស្រី ណាន់ស៉ី ផេឡូស៉ី ដោយមាននូវការបាញ់មីស៊ីលជុំវិញកោះតៃវ៉ាន់ ជាដើម។ សមាជិកព្រឹទ្ធសភាអាមេរិកមួយរូប គឺលោកស្រី ម៉ាស់សា ប្លែកប៊ឺន (Marsha Blackburn) បានទៅដល់ទីក្រុងតៃប៉ិ កាលពីយប់ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដែលវាគឺជាដំណើរទស្សនកិច្ចជាលើកទី៣ហើយ ដោយសមាជិកសភាអាមេរិក នៅតៃវ៉ាន់ ក្នុងខែសីហានេះ៕